អមេរិក ប្រកាសអនុម័តឥណទាន ៥០លានដុល្លារដល់ ធនាគារ ហត្ថា ដើម្បីគាំទ្រសហគ្រិនស្ដ្រី និងវិស័យ MSMEsនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់អាមេរិក បានសម្រេចអនុម័តទឹកប្រាក់ ៥០ លានដុល្លារដល់ធនាគារហត្ថា ដើម្បីគាំទ្រដល់ការពង្រីកកម្ចីខ្នាតតូចដល់ស្ដ្រី និងវិស័យសហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា បានប្រាប់គេទំព័រ Cambodia Financial Times នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ ធនាគារ ហត្ថា  បានដាក់ពាក្យខ្ចី ៥០លានដុល្លារ ដើម្បីគាំទ្រដល់ការពង្រីកកម្ចីខ្នាតតូចដល់ស្ដ្រី និងវិស័យ MSMEs នៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានមានប្រសាសន៍ថា “យើងបានដាក់ពាក្យសុំខ្ចីទុននេះ ហើយគេបានវាយតម្លៃយើងយ៉ាងល្អិតល្អន់ថាតើ យើងមានលទ្ធភាពគ្រប់គ្រាន់ និងគ្រប់លក្ខខណ្ឌក្នុងការផ្តល់កម្ចីនេះ។ គណៈកម្មការរបស់គេ បានអនុម័តហើយ ប៉ុន្តែឥណទាននេះយើងមិនទាន់បានទទួលនៅឡើយទេ ព្រោះនៅមានការងារវែងឆ្ងាយទៀត”។

លោក បានថ្លែងទៀតថា “កម្ចីនេះអាចនឹងមានរយៈពេលយូរទៀត ព្រោះនេះគ្រាន់ការជួនដំណឹងជាសាធារណៈពីការអនុម័ត ក្នុងការផ្តល់កម្ចីឱ្យយើង។ ដូច្នេះយើងត្រូវរៀបចំដាក់សុំដកប្រាក់បន្តទៀត”។

លោក បានបន្តទៀតថា “នៅពេលដែលយើងទទួលបានឥណទាននេះមក យើងនឹងអាចពង្រីកកម្ចីរបស់យើងបន្តដល់សហគ្រិនស្រ្តី និង SMEs ទៅតាមលក្ខខណ្ឌដែលយើងបានដាក់ស្នើសុំ ហើយយើងចង់ពង្រីកសហគ្រិនភាពជាស្រ្តីឱ្យបានកាន់តែច្រើនបន្ថែមទៀត”។

កម្ចីដល់ធនាគារហត្ថា គឺជាកញ្ចប់កម្ចីរបស់ក្រុមប្រឹក្សាភិបាល DFC ដែលបានអនុម័តការវិនិយោគនៅត្រីមាសនេះសរុបជាង ២,៥ ពាន់លានដុល្លារ នៅក្នុងគម្រោងចំនួន ៩ ដែលនឹងជំរុញការអភិវឌ្ឍនៅអាហ្វ្រិក អាមេរិកឡាទីន និងទីផ្សាររីកចម្រើនរហ័សនៅទូទាំងពិភពលោក។

លោក W.Partrick Murphy ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការផ្តល់កម្ចីនេះកាលពីសប្តាហ៍មុនការបើកដំណើរការវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានធ្វើឡើងតាមវីដេអូខនហ្វើរ៉ិនពីទីក្រុងហាណូយ ប្រទេសវៀតណាមនៅទីក្រុងភ្នំពេញនៅមុខគណៈប្រតិភូធុរកិច្ចកម្ពុជា ២០ រូប។

លោកបានថ្លែងថា “ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសការវិនិយោគរបស់ DFC ចុងក្រោយបំផុតនៅក្នុងប្រទេសកម្ពុជា គឺជាកម្មវិធី ៥០ លានដុល្លារជាមួយធនាគារហត្ថា។ ការវិនិយោគនេះនឹងគាំទ្រក្រុមហ៊ុន និងសហគ្រាសធុនតូច និងមធ្យមផ្នែកកសិកម្ម សូឡា និងវិស័យអប់រំ”។

លោក នាមឱ្យដឹងថា វាជាកញ្ចប់ហិរញ្ញប្បទានដែលសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍ទទួលបានស្ដង់ដាការងារល្អបំផុតជាមួយដៃគូ។ DFC បានធ្វើរួចហើយជាមួយគម្រោងមានតម្លៃជាង ២០០ លានដុល្លារនៅក្នុងប្រទេសកម្ពុជា និងច្រើនជាងនេះនៅពេលខាងមុខ។

លោកលើកឡើងថា “ខ្ញុំគិតថា ជាមួយនឹងធនាគារនេះ ការផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើជនងាយទទួលរងគ្រោះខ្លាំងបំផុត ជាឧទាហរណ៍សម្រាប់ស្ដ្រី និង SMEs។ ការណ៍នេះបង្កើតលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន និងដើមទុនដែលបើអ៊ីចឹងទេ វាមិនមានលទ្ធភាពនោះទេ។ នោះខ្ញុំគិតថា តម្រូវការនឹងនៅទីនេះនៅក្នុងប្រទេសកម្ពុជា ខណៈអ្នកដែលងាយទទួលរងគ្រោះខ្លាំងបំផុត ហើយយើងដឹងច្បាស់ហើយអំពីបញ្ហានោះ យើងបាននិយាយទៅកាន់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតនៅទីនេះ”។

លោកបន្ថែមថា “អ្នកមានប្រជាជនច្រើនដែលកំពុងស្ថិតនៅក្នុងហានិភ័យ ពលករចំណាកស្រុកនឹងត្រឡប់មកវិញ កសិករមានដើមទុនតិច ស្ដ្រី និងអ្នកផ្សេងទៀតកំពុងជួបការលំបាកយ៉ាងខ្លាំង និងការបាត់បង់ការងាររបស់ពួកគេ ដោយសារតែការបិទទ្វាររោងចក្រ និងការធ្លាក់ចុះការនាំចេញ ឬនៅក្នុងវិស័យទេសចរណ៍ជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here