ស្ថាប័នគយកម្ពុជា ចិនពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នា ទៅវិញទៅមក

ដោយៈ និស្ស័យ

        ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកគុណ ញឹម និងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកWang Lingjun អនុរដ្ឋមន្រ្តី នៃរដ្ឋបាលគយចិនបានជួបប្រជុំគ្នា  ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគយ។

កិច្ចប្រជុំនេះធ្វើឡើង ស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨  ខែមេសា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគុណ ញឹមបានមា​នប្រសាសន៍ថា ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគយ៉ាងសំខាន់របស់កម្ពុជា ហើយយោងតាមនេះ រដ្ឋបាលគយនៃប្រទេសទាំងពីរ ត្រូវសហការគ្នាឲ្យបានសកម្ម ជាពិសេសក្នុងការអនុវត្តឲ្យរលូន និងមានប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងភាពជាដៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ លោកក៏បានជម្រាបជូនគណៈប្រតិភូ គយចិនអំពីការងារកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជាផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបានឯកភាពគ្នាលើរបៀបវារៈសំខាន់ៗដូចជា

ទី១- ការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់    បច្ចេកវិទ្យាព័ត៌មានដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងតាមព្រំដែន។

ទី២ ជំរុញការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា លើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window) រវាងរដ្ឋបាលគយទាំងពីរ។

ទី៣ សហការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែននានា ដូចជាការរត់ពន្ធគ្រឿងញៀន ទំនិញហាមឃាត់ និងការជួញដូរសត្វព្រៃជិតផុតពូជជាដើម (CITES) ដោយត្រូវបង្កើតចំណុចទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេលវេលា។

ទី៤- បន្តជំរុញការផ្លាស់ប្តូរព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (E-Certificate of Origin) ដើម្បីពន្លឿនការបំពេញបែបបទគយ។

ទី៥ ពិភាក្សាអំពីការអនុវត្តរួមគ្នានូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO) ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ។

ទី៦ សហការផ្លាស់ប្ដូរបទពិសោធន៍ នៃការអនុវត្តប្រព័ន្ធគ្រប់​គ្រងហានិភ័យ។

ទី៧ គាំទ្រគ្នាទៅវិញទៅមក ក្នុងកិច្ចសហការប្រតិបត្តការគយក្នុងកម្រិតតំបន់ និងពិភពលោក ។

លោករដ្ឋមន្ត្រី បានស្នើរដ្ឋបាលគយចិន ផ្ដល់ជំនួយបច្ចេកទេសក្នុងការ កសាងសមត្ថភាព ដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា ហើយជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រីនៃរដ្ឋបាលគយចិន បានសំដែងនូវការគាំទ្រចំពោះសំណើនេះ និងស្នើឲ្យគយកម្ពុជាលើកតម្រូវការជាក់លាក់ តាមរយៈនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិនៃរដ្ឋបាលគយទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here