ប្រធានធនាគារ២រូបអះអាងថា សហរដ្ឋអាមេរិកអាចប្រឈមការដើរថយក្រោយនៃសេដ្ឋកិច្ចកម្រិតស្រាលនៅឆមាសទី២នៃឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយកប្រតិបត្តិធនាគារអាមេរិក Bank of America លោក Brian Moynihan បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា សហរដ្ឋអាមេរិកអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងនៅក្នុងត្រីមាសទីមួយនៃឆ្នាំបន្ទាប់។

លោក Moyhinan បានថ្លែងនៅក្នុងបទសម្ភាសន៍មួយទៅកាន់ប៉ុស្តិ៍ CBS Newsថា “ដូច្នេះពេលចុងក្រោយដែលខ្ញុំនៅទីនេះគឺកាលពីចុងឆ្នាំមុន ហើយយើងបានព្យាករណ៍ថានឹងមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ”។

លោកបានបន្តទៀតថា “សហរដ្ឋអាមេរិកនឹងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយចាប់ផ្តើមពីឆមាសទី២ នេះទៅ ហើយអាចបន្តដល់ត្រីមាសទី ១ នៅឆ្នាំ ២០២៤ ដែលជាការធ្លាក់ចុះ នៃសេដ្ឋកិច្ចកម្រិតស្រាល និងជំរុញឱ្យអត្រាគ្មានការងារធ្វើហក់ឡើងក្នុងកម្រិតខ្ពស់៤ភាគរយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើកឡើងស្រដៀងគ្នានេះ កាលពីខែឧសភាកន្លងទៅ ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ធ្លាប់បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចនឹងឆ្ពោះទៅរកអ្វីដែលលោកសង្ឃឹមថា គឺជាវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល។

ក្រុមអ្នកបង្កើតគោលនយោបាយនៅធនាគារ Federal Reserve ក៏បានព្យាករណ៍ថា សហរដ្ឋអាមេរិកនឹងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល នៅចុងឆ្នាំនេះ ដែលអាចចំណាយរយៈពេលពីរឆ្នាំដើម្បីអាចយកឈ្នះបាន។

ទោះជាយ៉ាងនេះក្តី ទាក់ទិននឹងវិបត្តិសេដ្ឋកិច្ចអាមេរិក ជាពិសេសបញ្ហាបំណុល លោក Kevin McCarthy ប្រធានសភាអាមេរិកមកពីបក្សសាធារណៈរដ្ឋ និងលោកប្រធានាធិបតី Joe Biden បានឯកភាពគ្នាបង្កើនពិដានបំណុល ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលមានពេលវេលាក្នុងការដោះស្រាយបញ្ហាចំពោះមុខទាំងអស់ និងជៀងវាងការខកខានសងបំណុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here