រដ្ឋាភិបាលកម្ពុជាគ្រោងដាក់លក់ភូមិកីឡា ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់លក់ភូមិកីឡា ដែលធ្លាប់ធ្វើជាផ្ទះកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាមកពីគ្រប់តំបន់អាស៊ាន។

ការវិវឌ្ឍន៍ថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងប្រកាសក្នុងពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹកមិញនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលចាំបាច់ត្រូវលក់ភូមិកីឡា ដើម្បីយកថវិកាមួយចំនួនដែលខ្លួនបានវិនិយោគនៅក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមត្រឡប់មកវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានបន្តឱ្យដឹងទៀតថា “សម្រាប់ស៊ីហ្គេមលើកក្រោយយើងនឹងរកកន្លែងផ្សេងទៀតយើងមិនគួរបារម្ភពីវា នោះទេ ព្រោះកម្ពុជាមានរយៈពេលប្រហែលជា ២២ឆ្នាំទៀតចាប់ពីថ្ងៃនេះរហូតដល់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាថ្មីម្តងទៀត”។

ការសាងសង់ភូមិកីឡាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានបញ្ចប់ និងត្រៀមទទួលកីឡាករកាលពីខែមេសា ភូមិកីឡានេះសាងសង់លើផ្ទៃដីទំហំ៨ហិកតាជាប់នឹងទីតាំងថ្មីបំផុតគឺ ពហុកីឡដ្ឋានជាតិមរតកតេជោ។

ភូមិកីឡានេះធ្លាប់បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសមួយ ខណៈដែលមានការងឿងឆ្ងល់ថា តើកម្ពុជានឹងអាចបញ្ចប់ការសាងសង់អគារនេះបានទេ មុនពេលការប្រកួតប្រព្រឹត្តទៅ។

ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ សារព័ត៌មានថៃ The Nation Thailand បានដកស្រង់សម្តីលោក Thana Chaiprasit អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ដែលបានលើកឡើងថា “ប្រទេសថៃត្រូវកក់បន្ទប់សណ្ឋាគារសម្រាប់អត្តពលិករបស់ខ្លួនទុកជាផែនការបម្រុង ព្រោះលំនៅដ្ឋានសម្រាប់អត្តពលិកមិនទាន់សាងសង់រួចរាល់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here