ធនាគារជាតិ: ការផ្លាស់ប្តូរមកទូទាត់តាមប្រព័ន្ធឌីជីថលក្នុងជីវិតប្រចាំថ្ងៃកំពុងកើនឡើងខ្លាំងនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះរបស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ការទូទាត់តាមប្រព័ន្ធទូរស័ព្ទមានការកើនឡើងគួរឱ្យកត់សម្គាល់នៅកម្ពុជា ខណៈដែលមនុស្សកាន់តែច្រើនផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជម្រើសប្រតិបត្តិការឌីជីថល។

និន្នាការនៃការប្រើប្រាស់សេវាទូទាត់បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារអាកប្បកិរិយារបស់អតិថិជនបានផ្លាស់ប្តូរពីសាច់ប្រាក់ឆ្ពោះទៅរកការទូទាត់តាមឌីជីថល។

ចំនួនគណនីកាបូបអេឡិចត្រូនិកដែលបានចុះឈ្មោះបានកើនឡើងដល់១៩,៥លានគណនី ហើយចំនួនប្រតិបត្តិការសរុបបានកើនឡើងពី៧០៨លានដល់១ពាន់លាន ជាមួយនឹងចំនួនទឹកប្រាក់សរុប២៧២,៨ពាន់លានដុល្លារអាមេរិក ឬស្មើប្រហែល៩ដងនៃផលិតផលក្នុងស្រុកសរុប (GDP)របស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័នសេវាទូទាត់ប្រាក់ (PSI) ចំនួន៣៥ត្រូវបានផ្តល់អាជ្ញាប័ណ្ណ ហើយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFI) ចំនួនពីរត្រូវបានអនុញ្ញាតឱ្យដំណើរការអាជីវកម្មទូទាត់នៅចុងឆ្នាំ២០២២កន្លងទៅ។

ជាទូទៅផលិតផល និងសេវាកម្មដែលផ្តល់ដោយស្ថាប័នទាំងនេះគឺស្ថិតនៅក្នុងទម្រង់នៃការទូទាត់ឌីជីថល ដែលអាចដំណើរការបានតាមរយៈកម្មវិធីទូរស័ព្ទ ឬនៅភ្នាក់ងារទូទាត់ផ្សេងៗ និងបណ្តាញផ្សេងទៀត។

ប្រធាននាយកប្រតិបត្តិរបស់ធនាគារប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេវាទូទាត់ប្រាក់តាមទូរស័ព្ទទទួលបានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

លោក តូច ចៅចេក បានប្រាប់សារពត៌មាន Xinhua ថា “ចាប់តាំងពីមានការផ្ទុះនៃជំងឺរាតត្បាត យើងឃើញថាមនុស្សកាន់តែច្រើនឡើងបានប្តូរទៅប្រើប្រាស់ការទូទាត់តាមឌីជីថលក្នុងជីវិតប្រចាំថ្ងៃ ខណៈដែលស្ថាប័នហិរញ្ញវត្ថុជាច្រើនបាននិងកំពុងកែលម្អប្រព័ន្ធទូទាត់ឌីជីថលរបស់ពួកគេ” ។

លោក តូច ចៅចេក បាន​បន្ថែមថា គិតរហូត​មក​ដល់​ពេល​នេះ មាន​គណនី​កាបូប​អេឡិចត្រូនិក​ជាង២០ម៉ឺន​គណនីត្រូវ​បាន​ចុះ​បញ្ជី​ក្រោម​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here