ប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃខ្លាំង ខណៈប្រាក់យ័ន ប្រាក់អឺរ៉ូ និងប្រាក់យ៉េនធ្លាក់ថ្លៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រាក់ដុល្លារអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែធៀបនឹងប្រាក់អឺរ៉ូ និងឡើងដល់កំពូលរយៈពេល៦ខែធៀបនឹងប្រាក់យ៉េននៅថ្ងៃព្រហស្បតិ៍នេះ ដោយសារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានភាពធន់បាននាំឱ្យពាណិជ្ជកររៀបចំការភ្នាល់របស់ពួកគេលើការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។

ប្រាក់ដុល្លារបានឈានដល់១,០៧៤២៥ដុល្លារក្នុងមួយអឺរ៉ូនៅដើមវគ្គជួញដូរអាស៊ីជាលើកដំបូងចាប់តាំងពីថ្ងៃទី២៤ ខែមីនា ហើយនៅតែបន្តហក់ឡើងដល់ការជួញដូរចុងក្រោយនៅត្រឹម១,០៧៤៨ដុល្លារ ចំណែកប្រាក់យ៉េនបានធ្លាក់ថ្លៃដល់១៣៩,៦៦យ៉េនក្នុងមួយដុល្លារ។

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះរហូតដល់ថ្ងៃ “X-date” សម្រាប់ការដោះស្រាយពិដានបំណុល ហើយសភាអាមេរិកក៏ត្រូវការពេលជាច្រើនថ្ងៃដើម្បីអនុម័តច្បាប់ ខណៈវិនិយោគិនកាន់តែមានភាពច្របូកច្របល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tony Sycamore អ្នកវិភាគនៅក្រុមហ៊ុន IG Markets បានអះអាងថា “ប្រាក់ដុល្លារបានមើលឃើញពីការផ្លាស់ប្តូរដ៏ល្អ និងរឹងមាំ ស្របពេលមានវិបត្តិពិដានបំណុលអាមេរិក ក៏ដូចជាការបង្ហាញសញ្ញានៃការធ្លាក់ចុះនៅក្នុងប្រទេសចិន និងអឺរ៉ុប”។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ដែលវាស់វែងរូបិយប័ណ្ណធៀបនឹងដៃគូរសំខាន់ៗចំនួនប្រាំមួយ រួមទាំងប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានឈានដល់កម្រិតខ្ពស់រយៈពេលពីរខែត្រឹម១០៤,០១ពិន្ទុ។

សញ្ញាចុងក្រោយបំផុតនៃភាពទន់ខ្សោយចេញពីអឺរ៉ុបបានកើតចេញមកពីការចុះខ្សោយខ្លាំងជាងការរំពឹងទុកនៅក្នុងទំនុកចិត្តអាជីវកម្មរបស់ប្រទេសអាល្លឺម៉ង់។

ទន្ទឹមនឹងនេះដែរ តម្លៃប្រាក់យ័នចិនបានបន្តនូវកម្រិតទាបក្នុងរយៈពេលប្រាំមួយខែ ដោយធ្លាក់ថ្លៃមកត្រឹម៧,០៨២៧យ័ននៅក្នុងមួយដុល្លារនៅក្នុងទីផ្សារក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here