តម្លៃហាងមាសអន្តរជាតិហក់ឡើងថ្លៃខ្ពស់បន្តិចនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានហក់ឡើងបន្តិចនៅថ្ងៃចន្ទនេះ បន្ទាប់ពីកើនឡើងជាង១% នៅក្នុងវគ្គមុន បន្ទាប់ពីមានមតិមិនសូវច្បាស់ពីប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ជាមួយនឹងភាពមិនច្បាស់លាស់ជុំវិញលទ្ធផលពិដានបំណុលអាមេរិក និងជុំវិញស្ថិរភាពរបស់វិស័យធនាគារ។

តម្លៃមាស Spot Gold បានកើនឡើង០,២% មកនៅ១៩៧៩,៧៩ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមម៉ោង 0047 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures មានស្ថិរភាពនៅត្រឹម១៩៨១ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ចុះ០,១% ដែលបានធ្វើឱ្យមាសកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកទិញនៅបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានសភាមកពីបក្សសាធារណរដ្ឋលោក Kevin McCarthy នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីកម្រិតបំណុលនៅថ្ងៃចន្ទនេះ  ស្របពេលដែលលោក Joe Biden បានធ្វើដំណើរត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំG7នៅប្រទេសជប៉ុន។

ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានអះអាងកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា វានៅតែមិនទាន់ច្បាស់ថាតើអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនឹងត្រូវកើនឡើងបន្ថែមទៀតទេ ខណៈក្រុមមន្ត្រីធនាគារធ្វើឱ្យមានតុល្យភាពរវាងភាពមិនច្បាស់លាស់អំពីផលប៉ះពាល់នៃការដំឡើងថ្លៃដើមកម្ចី និងការរឹតបន្តឹងឥណទានធនាគារនាពេលថ្មីៗនេះ ជាមួយនឹងការពិតដែលថាអតិផរណាកំពុងពិបាកគ្រប់គ្រង។

ដុំមាសដែលមិនផ្តល់ការប្រាក់(Non-interest-bearing bullion)មាននិន្នាការមិនសូវទាក់ទាញបានការទិញនៅក្នុងបរិយាកាសដែលអត្រាការប្រាក់ហក់ឡើងខ្ពស់។

តម្លៃលោហធាតុ Spot silver ហក់ឡើងថ្លៃ០,១% ដល់២៣,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះត្រឹម១០៦២,៩៤ដុល្លារហើយតម្លៃ palladium បានហក់ឡើង០,២% ដល់១៥១៦,៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here