ដំណឹងល្អ! World Bank ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឈានដល់៥,៥%សម្រាប់ឆ្នាំ២០២៣

សុខុម

ភ្នំពេញ: វាជាដំណឹងដ៏ល្អមួយដែលធនាគារពិភពលោក (World Bank) កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា បានបង្កើនការព្យាករកំណើនរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ឈានដល់៥,៥%ក្នុងឆ្នាំ២០២៣ ដោយកើនឡើងពីការព្យាកររបស់ខ្លួនមុននេះក្នុងរង្វង់៥,២%។

លោកស្រី Maryam Salim នាយកធនាគារពិភពលោក ប្រចាំកម្ពុជា មានប្រសាសន៍ថា “ដោយសារតម្រូវការអ្នកប្រើប្រាស់កើនឡើង និងការវិលត្រលប់មកវិញនៃភ្ញៀវទេសចរបរទេស ការរួមចំណែកជារួមនៃវិស័យសេវាកម្មដល់កំណើនសេដ្ឋកិច្ច កំពុងវិលត្រលប់ទៅរកកម្រិតឆ្នាំ២០១៩ ឡើងវិញហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងពិធីបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែឧសភា ឆ្នាំ២០២៣ លោកស្រីបានបន្ថែមថា “ក្នុងពេលជាមួយគ្នានេះ វិស័យកសិកម្មកំពុងទទួលផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែប្រសើរជាងមុនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ដែលត្រូវបានផ្តល់សច្ចានុមតិកាលពីពេលថ្មីៗនេះ”។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង (CSKFTA) ក៏ដូចជាការបើកប្រទេសចិន ឡើងវិញកាលពីដើមឆ្នាំនេះផងដែរនោះ បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា យ៉ាងរហ័ស។

លោក លី សុដេត អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោក មានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជា បានស្ទុះងើបឡើងកាន់តែរឹងមាំ បើទោះបីជាតម្រូវការពិភពលោកធ្លាក់ចុះយ៉ាងណាក្ដី។ លោកបានថ្លែងក្នុងពិធីនោះថា “ដែលដំបូងឡើយនាំមុខដោយផលិតកម្មសម្រាប់ការនាំចេញ កត្តាជំរុញកំណើនបានវិវឌ្ឍទៅរកសេវាកម្ម និងវិស័យកសិកម្ម”។

លោកគូសបញ្ជាក់ថា អតិផរណារបស់កម្ពុជា បានត្រលប់ទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ឡើងវិញក្នុងរង្វង់២,២%ក្នុងខែកុម្ភៈ ឆ្នាំនេះ ដោយសារថ្លៃចំណីអាហារ និងប្រេងឥន្ធនៈបានធ្លាក់ចុះ។ទន្ទឹមនឹងនេះ លោក លី សុដេត បានធ្វើការកត់សម្គាល់ថា ការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក បានជំរុញឱ្យអត្រាការប្រាក់ក្នុងស្រុកកើនឡើង ដោយកាត់បន្ថយកំណើនឥណទាននៅកម្ពុជា។

លោកលើកឡើងថា “ឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងអត្រាកំណើន១៤,៨%ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំ បើធៀបនឹងអត្រាកំណើន២២%ដែលត្រូវបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here