ធនាគារហត្ថាទទួលបានប្រាក់ចំណេញជាង១១លានដុល្លារ ក្នុងរយៈពេល៤ខែ

        ដោយៈគង់ សិរីជេស៊ីកា

        ភ្នំពេញៈ ប្រធានអគ្គនាយកនៃធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានថ្លែងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ធនាគារទទួលបានប្រាក់ចំណេញជាង១១លានដុល្លារអាមេរិក។

លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃទី១៨ ឧសភាថា ទំហំប្រាក់ចំណេញនេះ ជាការបង្ហាញថា សុខភាពរបស់ធនាគារនៅតែមានភាពរ៉ឹងមាំ បើទោះ​ជាកម្ពុជា ក៏ដូចជាពិភពលោកបានរងវិបត្តិ អស់រយៈពេលជាច្រើនឆ្នាំក្តី។

លោកឧកញ៉ាបានបន្តទៀតថា “ការសម្រេចបាននូវប្រាក់ចំណេ​ញនេះ ទោះជាមិនដល់គោលដៅយើងចង់បាន ប៉ុន្តែវាជាដំណើរការធម្មតា និងបង្ហាញពីភាពរ៉ឹងមាំនៃប្រព័ន្ឋធនាគាររបស់យើង”។ លោកបន្តថា “ជាមួយគ្នានេះ យើងនៅតែបន្តរីកចម្រើន និងកំពុងរៀបចំផែនការយុទ្ឋសាស្រ្តថ្មីៗ ដើម្បីសម្រេចបានវឌ្ឍនភាពនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងបានបន្តថា បញ្ហាសេដ្ឋកិច្ចពិភពលោកមិនត្រឹមតែប៉ះពាល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់បណ្តាប្រទេសនានាទាំងអស់ ហេតុនេះទើបយើងផ្តល់ឥណទានមានការប្រុង​ប្រយ័ត្នជាងមុន យើងមានការឆែកប្រវត្តិឥណទានច្បាស់លា​ស់ ដើម្បីធ្វើឲ្យប្រាកដថា ឥណទានរបស់យើងគ្មានហានិភ័យ ហើយអតិថិជន ដែលជាដៃគូអាជីវកម្មរបស់យើង មិនប្រឈមហានិភ័យផងដែរ។

លោកបន្តថា ក្នុងអំឡុងដើមឆ្នាំនេះ ការបញ្ចេញឥណទានរបស់យើងមានភាពសមាមាត្រនឹងអ្វី ដែលជាគោលនយោបាយ និងផែន​ការរបស់ធនាគារដាក់ចេញ។ ជាមួយគ្នានេះផងដែរ កម្រិតប្រាក់បញ្ញើររបស់ធនាគារ ក៏បានថមថយល្បឿនផងដែរ ប៉ុន្តែវានៅតែមានសញ្ញារ៉ឹងមាំ និងអាចទទួលយកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here