ហាងឆេងមាសនៅតំបន់អាសុីធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ចុះក្នុងការជួញដូរនៅតំបន់អាសុីនាព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករបានវាយតម្លៃលើការអត្ថាធិប្បាយពីសំណាក់មន្ត្រីធនាគារកណ្តាលអាមេរិកដែលអត្រាការប្រាក់អាចបន្តស្ថិយនៅកម្រិតខ្ពស់ ហើយទីផ្សារក៏កំពុងផ្តោតទៅលើការវិវឌ្ឍនៃការជជែកដេញដោលលើពិដានបំណុលអាមេរិកផងដែរ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣% មកនៅត្រឹម២០១៤,៦២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0029 GMT ខណៈពេលដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% ដល់២០១៨,៩ដុល្លារក្នុងមួយអោន។

ខណៈពេលដែលមាសត្រូវបានចាត់ទុកថាជាវត្ថុការពារប្រឆាំងនឹងអតិផរណា ប៉ុន្តែការកើនឡើងនៃអត្រាការប្រាក់បានធ្វើឱ្យភាពទាក់ទាញរបស់ដុំមាសដែលមិនផ្តល់ទិន្នផល(non-yielding bullion)មានការថមថយចុះ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបានរំលឹកឡើងវិញកាលពីថ្ងៃចន្ទថា ខ្លួនរំពឹងថា នឹងអាចទូទាត់វិក្កយបត្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានត្រឹមថ្ងៃទី១ ខែមិថុនា ដោយគ្មានការដំឡើងកម្រិតបំណុល និងបង្កើនសម្ពាធលើសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងសេតវិមានដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រធានាធិបតី ចូ បៃដិន និងប្រធានសភាតំណាងរាស្រ្តលោក Kevin McCarthy បានរៀបចំកិច្ចពិភាក្សាស្តីពីបញ្ហាបំណុលដ៏សំខាន់ ដោយមានរយៈពេលជាងពីរសប្តាហ៍ដើម្បីដំណើរការ មុនពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចខ្វះលុយដើម្បីទូទាត់វិក្កយបត្ររបស់ខ្លួន។

តម្លៃលោហធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣% ដល់២៤,០៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១% មកត្រឹម១០៦៣,៦៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣% ដល់១៥២៨,២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here