ទំហំនៃការវិនិយោគអចលនទ្រព្យរបស់តំបន់អាសុីប៉ាសុីហ្វិកសម្រេចបានទឹកប្រាក់២៧ពាន់លានដុល្លារក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្រាវជ្រាវចុងក្រោយដោយទីភ្នាក់ងារ JLL បានឱ្យដឹងថា សកម្មភាពវិនិយោគអចលនទ្រព្យពាណិជ្ជកម្មរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន២៧ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ចំនួន៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាក់ស្តែង ទំហំនៃការវិនិយោគអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះ៦៦,៨%មកត្រឹម១,៩ពាន់លានដុល្លារ ហើយទំហំនៃការវិនិយោគរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ៦៩,៥%មកត្រឹម២,៥ពាន់លានដុល្លារ ខណៈដែលទំហំវិនិយោគរបស់ប្រទេសចិនបានធ្លាក់ចុះ១៦,៤% ពីមួយឆ្នាំទៅមួយឆ្នាំដល់៦,៩ពាន់លានដុល្លារ។

ចំណែកឯ ទំហំនៃការវិនិយោគអចលនទ្រព្យរបស់ប្រទេសអូស្ត្រាលីក៏បានធ្លាក់ចុះ២៥,៦% ពីមួយឆ្នាំទៅមួយឆ្នាំមកនៅក្រោម៦ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្តី ជប៉ុនគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលទទួលបានការកើនឡើងនៃទំហំវិនិយោគក្នុងអត្រា៤,៧% ពីមួយឆ្នាំទៅមួយឆ្នាំដល់៨,៩ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍របស់ទីភ្នាក់ងារ JLL ក៏បានគូសបញ្ជាក់ផងដែរថា ទំហំនៃការវិនិយោគបានធ្លាក់ចុះនៅគ្រប់វិស័យទាំងអស់ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ ខណៈការវិនិយោគលើទីផ្សារការិយាល័យបានធ្លាក់ចុះ២៦,៦% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមតែ១២,៧ពាន់លានដុល្លារ។

ស្រដៀងគ្នានេះដែរ ទំហំនៃការវិនិយោគក្នុងវិស័យភស្តុភារ និងឧស្សាហកម្មបានធ្លាក់ចុះ២៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារបញ្ហាប្រឈមក្នុងការផ្តល់មូលនិធិ។

ចំណែកនៅក្នុងវិស័យលក់រាយ ទំហំនៃការវិនិយោគសរុបមានចំនួន៥,៣ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ដែលទាបជាងមធ្យមភាគប្រចាំត្រីមាសរយៈពេលប្រាំឆ្នាំចំនួន៧,៥ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here