អ្នកជំនាញនិងស្ថាប័នអន្តរជាតិមានសុទិដ្ឋិនិយមអ្វីខ្លះពីទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសសមាជិកRCEP

ដោយៈ សុខុម

ភ្នំពេញ: ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់បណ្ដាប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានចំនួន២,៨៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២៣ ដោយកើនឡើង១៦%បើធៀបនឹង២,៤៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ ចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ថា អំឡុងខែមករា ដល់ខែមេសា ឆ្នាំនេះ គោលដៅនាំចេញកំពូលទាំង៣ របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គឺប្រទេសវៀតណាម ប្រទេសចិន និងប្រទេសថៃ។

របាយការណ៍ដដែលបន្ថែមថា កម្ពុជា បាននាំចេញផលិតផលក្នុងទំហំ១,១៨ពាន់លានដុល្លារ ទៅកាន់ប្រទេសវៀតណាម ទឹកប្រាក់៤៤០លានដុល្លារ ទៅកាន់ប្រទេសចិន និង៣៩៣លានដុល្លារ ទៅកាន់ប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួ​ងពាណិជ្ជកម្មមានប្រសាសន៍ថា កិច្ចព្រមព្រៀងRCEP ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បានក្លាយជាកត្តាជំរុញដ៏សំខាន់ សម្រាប់កំណើនពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩។

លោក ប៉ែន សុវិជាតិ គូសបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា បញ្ចប់ឋានៈរបស់ខ្លួន ជាប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៨ និងសម្រេចគោលដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “កិច្ចព្រមព្រៀង RCEP បានជួយឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសផ្សេងទៀតឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩ កាន់តែឆាប់រហ័ស។
លោកបន្តថា “សម្រាប់រយៈពេលវែង ខ្ញុំជឿថាវានឹងក្លាយជាមជ្ឈមណ្ឌលទំនាញថ្មី សម្រាប់ពាណិជ្ជកម្មពិភពលោក”។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ក្នុងទស្សនវិស័យ សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីខែមុនថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសសមាជិកRCEP ចំនួន៣ដែលទទួលបានកំណើន សេដ្ឋកិច្ចរឹងមាំបំផុតក្នុងឆ្នាំ២០២៣ រួមជាមួ​យប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

IMF និយាយថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ស្មើគ្នាជាមួយនឹងប្រទេសវៀតណាម ដោយសេដ្ឋកិច្ចទាំង២នេះ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន៥,៨%នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេព្យាករថានឹងសម្រេចបានកំណើន៦%។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គ្របដណ្ដប់លើប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ចំនួន១៥រួមមាន ប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ប្រទេសជប៉ុន ប្រទេ​សកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here