អន្តរាគមន៍របស់រដ្ឋាភិបាលក្នុងពេលមានវិបត្តិ កាត់បន្ថយហានិភ័យក្នុងវិស័យធនាគារ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្នុងពេលវិស័យជាច្រើនរួមទាំងធនាគារបានជួបនូវវិបត្តិដោយសារតែកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ និងរក្សាបានស្ថិរភាពអាជីវកម្ម ហើយបានធ្វើឱ្យ វិស័យធនាគារ កាត់បន្ថយបាននូវហានិភ័យនៃការធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិនេះផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារ នៅកម្ពុជា បានមានប្រសាសន៍ ក្នុងពេលមានវិបត្តិដោយសារតែកូវីដ១៩ ធនាគារ និងមីក្រូហិរញ្ញវត្ថុបានទទួលអំណោយពីការចាត់ចែងរបស់រាជរដ្ឋាភិបាល ក៏បានធ្វើឱ្យហានិភ័យតិចជាងមុន។ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិ ក៏បានបន្ធូបន្ថយនូវទុនបម្រុង តាំងពីអនុបាតផ្សេងៗទៀត រួមទាំងពន្ធកាត់ទុក ដើម្បីសម្រាលដល់ធនាគារ ធ្វើឱ្យធនាគារបន្តជួយសម្រាលដល់ការលូតលាស់របស់អតិថិជន។

លោកបន្តថា ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងមូល បានរៀបចំឱ្យធ្វើឥណទានឡើងវិញ ជិត២៨ម៉ឺនឥណទាន គិតជាទឹកប្រាក់ជាង៣ពាន់លានដុល្លារអាមេរិក។ ផលប៉ះពាល់កូវីដ១៩បានធូរស្រាល កម្ពុជា ក៏បានជួបប្រទះនូវគ្រោះទឹកជំនាន់ ប៉ុន្តែវាជាជំនន់ទឹកភ្លាម ដែលអាចនឹងឆាប់ស្រកវិញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងថា “ទោះជាទឹកជំនន់នេះ ជាជំនន់ទឹកភ្លៀងក្ដី ធនាគារក៏នឹងរៀបចំឱ្យធ្វើឥណទានឡើងវិញសម្រាប់អ្នកដែលរងផលប៉ះពាល់ពីទឺកជំនន់នេះដែរ”។

លោកបន្ថែមថា តាមរយៈការចាត់ចែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ លោករំពឺងថាចំណូលរបស់វិស័យធនាគារអាចនឹងលើសឆ្នាំមុនតិចតួច។

តាមធនាគារពិភពលោក ប្រចាំកម្ពុជាបានចេញផ្សាយកន្លងមកថា ដោយសារតែវិធានការបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មិនធ្លាក់ចុះខ្លាំង និងអាចទប់ស្កាត់ការកើនឡើងនៃអត្រាភាពក្រីក្ររបស់ប្រជាជន។

ជាក់ស្ដែង តាមការព្យាករណ៍របស់ធនាគារពិភពលោក បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះមកនៅត្រឹមតែ-២ភាគរយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here