ក្រុមហ៊ុនអចលនទ្រព្យនៅក្រុង Shenzhen កំពុងបញ្ចុះតម្លៃផ្ទះដើម្បីទាក់ទាញអតិថិជនហុងកុង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យចិន នៅទូទាំងតំបន់ Greater Bay Area កំពុងបង្កើនទីផ្សារលក់អចលនទ្រព្យ លំដាប់ខ្ពស់របស់ពួកគេ ទៅកាន់ប្រជាជនហុងកុង ចំពេលមានកំណើនការលក់ធ្លាក់ចុះនៅក្នុងតំបន់ រួមទាំងនៅទីក្រុង Shenzhen ផងដែរ។

លោក Sammy Po Siu-ming នាយកប្រតិបត្តិនៃផ្នែកលំនៅដ្ឋានរបស់ Midland Realty សម្រាប់ទីក្រុងហុងកុង និងម៉ាកាវ បានមានប្រសាសន៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងទីក្រុង Shenzhen បានផ្តល់ការផ្សព្វផ្សាយបន្ថែមទៀត កាលពីខែមុនក្នុងទីក្រុងហុងកុង ដែលអ្នកស្រុកបានបង្ហាញ ពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះអចលនទ្រព្យដីគោក ចាប់តាំងពីព្រំដែនបានបើកឡើងវិញ ដោយផ្តល់ជម្រើស នៃការដឹកជញ្ជូនដ៏ងាយស្រួល និងតម្លៃផ្ទះទាបជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទេសចរណ៍អចលនទ្រព្យ នៅក្នុងតំបន់ Greater Bay Area កាន់តែមានប្រជាប្រិយភាព សម្រាប់ជនជាតិហុងកុងក្នុងរយៈពេលពីរខែដំបូង បន្ទាប់ពីព្រំដែនបានបើកឡើងវិញ។

អតិថិជនបានបង្ហាញការចាប់អារម្មណ៍ កាន់តែច្រើនទៅលើផ្ទះនៅតំបន់ Zhuhai និង Zhongshan ដោយសារតម្លៃទាប ដោយផ្ទះល្វែងខ្លះលក់ ក្នុងតម្លៃក្រោម១លានយ័ន ប៉ុន្តែក្រុងShenzhen មានអត្ថប្រយោជន៍បន្ថែម ដោយសាររួមព្រំដែនជាមួយទីក្រុងហុងកុង។

East Pacific Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ចុងក្រោយបង្អស់ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលបានរៀបចំផ្សព្វ​ផ្សា​យ​ការលក់នៅក្នុងទីក្រុងហុងកុង។

ក្រុមហ៊ុននេះ បានលក់អចលនទ្រព្យ១១យូនីត ក្នុងចំណោម៣០យូនីត នៅក្នុងអំឡុងពេលនៃថ្ងៃ ឈប់សម្រាកទិវាពលកម្មខែឧសភា ជាមួយនឹងតម្លៃលក់ជាមធ្យមជាង៧,៩លានយ័ន។ លើសពីនេះចំនួន៥០% នៃ​យូនីត​ទាំង​នោះ​ត្រូវ​បាន​ទិញ ​ដោយអតិថិជនហុងកុង​ ជាមួយការ​បញ្ចុះ​តម្លៃ១៥ភាគរយ។

ការលក់មានភាពយឺតយ៉ាវ ដោយសារការចំណាយរបស់អ្នកទិញក្នុងស្រុកធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាត។  ដូច្នេះហើយ អ្នកអភិវឌ្ឍន៍មួយចំនួន នៅទូទាំងតំបន់ Greater Bay Area បានកំណត់ក្តីសង្ឃឹមរបស់ពួកគេលើអតិថិជនហុងកុង។

លោក Andy Lee Yiu-chi នាយកប្រតិបត្តិក្រុមហ៊ុន Centaline Property Agency របស់ប្រទេសចិន បានអះអាងថា “ទីផ្សារលំនៅដ្ឋានក្នុងទីក្រុង Shenzhen កំពុងវិលវល់ក្នុងប៉ុន្មានខែថ្មីៗនេះ ដែលបានបន្ថែមសម្ពាធ ដល់អ្នកអភិវឌ្ឍន៍ដីគោក និងបានជំរុញឱ្យពួកគេមួយចំនួនងាកទៅរកទីផ្សារហុងកុង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here