តម្លៃផ្សារហ៊ុនរបស់អាមេរិកដាំក្បាលចុះ ជុំវិញក្តីបារម្ភលើកម្រិតពិដានបំណុល និងបញ្ហាទីផ្សារការងារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្សារហ៊ុនរបស់អាមេរិកបានដាំក្បាលចុះកាលពីថ្ងៃអង្គារ ដោយសារបញ្ហាពិដានបំណុល(debt ceiling) របស់សហរដ្ឋអាមេរិក និងសូចនាករទីផ្សារការងារដ៏ទន់ខ្សោយបានធ្វើឱ្យខូចអារម្មណ៍ទីផ្សារ។

សន្ទស្សន៍ផ្សារហ៊ុន Dow Jones Industrial Average បានដាំក្បាលចុះ៣៦៧,១៧ពិន្ទុ ឬ១,០៨ភាគរយ មកនៅត្រឹម៣៣.៦៨៤,៥៣ ខណៈសន្ទស្សន៍ផ្សារហ៊ុន S&P 500 បានដាំក្បាលចុះ៤៨,២៩ពិន្ទុ ឬ១,១៦ភាគរយដល់៤.១១៩,៥៨។ ចំណែក សន្ទស្សន៍ Nasdaq Composite បានដាំក្បាលចុះ១៣២,០៩ពិន្ទុ ឬ១,០៨ភាគរយដល់១២.០៨០,៥១។

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានព្រមានកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកមិនអាចបំពេញកាតព្វកិច្ចទាំងអស់របស់រដ្ឋាភិបាលនៅដើមថ្ងៃទី១ ខែមិថុនាបាននោះទេ ប្រសិនបើសភាអាមេរិកមិនដំឡើង ឬព្យួរដែនកំណត់បំណុលមុនពេលវេលានោះ។

ទោះជាយ៉ាងនេះក្តី សេតវិមានបានអះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងមិនចរចាលើពិដានបំណុលក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក ជាមួយក្រុមមេដឹកនាំសភាកំពូលនៅថ្ងៃទី៩ ខែឧសភាខាងមុខនោះទេ ហើយលោកនឹងធ្វើការពិភាក្សាលើការចាប់ផ្តើមនៃដំណើរការថវិកាដាច់ដោយឡែក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបើកការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម៩,៥៩លាន នៅក្នុងខែមីនា ពោលគឺធ្លាក់ចុះពីតួលេខចំនួន៩,៩៧៤លាននៅក្នុងខែកុម្ភៈ។ នេះបើយោងតាមការស្ទង់មតិការបើកការងារ និងការផ្លាស់ប្តូរការងារ (JOLTS) ដែលចេញផ្សាយដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះ។

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ OANDA ដែលជាអ្នកផ្គត់ផ្គង់សេវាកម្មជួញដូរទ្រព្យសកម្មតាមអុីនធឺណិតបានមានប្រសាសន៍ថា ទីផ្សារការងារកំពុងធ្លាក់ចុះយ៉ាងច្បាស់ ស្របពេលដែលការបញ្ឈប់ការងារបុគ្គលិកកំពុងកើនឡើង។

លើសពីនេះទៅទៀត ការទិញយកទ្រព្យសកម្មរបស់ធនាគារ First Republic Bank ដោយក្រុមហ៊ុន JPMorgan ពីសាជីវកម្មធានារ៉ាប់រង Federal Deposit Insurance កាលពីថ្ងៃច័ន្ទ បានបរាជ័យក្នុងការលុបបំបាត់ក្តីកង្វល់លើវិស័យធនាគាររបស់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here