ប្រព័ន្ធ​ទូទាត់​ប្រាក់ «បាគង» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក

ដោយ ជេន​នី

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) គ្រោង​បើកសម្ពោធ ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទូទាត់​បាគង​ថ្ងៃស្អែក​នេះ ពោលគឺ​នៅ​ថ្ងៃទី ២៨ តុលា ឆ្នាំ ២០២០ ខាងមុខ​នេះហើយ។

បើ​យោងតាម​ផេ​ក​ផ្លូវការ​នៃ​ប្រព័ន្ធ​ទូទាត់​បាគង ដែល​បាន ដាក់ឱ្យ​ដំណើរការ​សាកល្បង​ខួប ១ ឆ្នាំ កាលពី​ខែកក្កដា កន្លងទៅនេះ​បង្ហាញថា ប្រព័ន្ធ​ទូទាត់​បាគង​ចាប់ផ្តើម​ពី​សមាជិក ៤ ស្ថាប័ន​ដំបូង បច្ចុប្បន្ន​ប្រព័ន្ធ​បាគង​មាន​សមាជិក ចំនួន ១៤ ស្ថាប័ន​ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជា​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ការដាក់​ឲ្យ​ដំណើរការ ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ដ៏​ទំនើប​ចុងក្រោយ​គេក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការធ្វើ និង ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ពោល​សំដៅ​ដល់​ការផ្តល់សេវា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប។

លោកស្រី យឹ​ង សុ​ភ័​ក្រ អនុប្រធាន​ផ្នែក​អ្នកវិភាគ​លំហូរ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា បាគង​បានផ្តល់​អត្ថប្រយោជន៍​ថ្មី សម្រាប់​ប្រព័ន្ធ​ទូទាត់ និង​បានផ្តល់​មធ្យោបាយ​អនុញ្ញាត​អោយ​អតិថិជន​ធ្វើ​ប្រតិបត្តិការ ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ​របស់ខ្លួន​ពី​ធនាគារ​មួយ​ទៅ​ធនាគារ​ដទៃទៀត ឬ​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ណាមួយ​ទៅ​សមាជិក​ដទៃទៀត​នៅ​កម្ពុជា។

លោកស្រី​បន្តថា នៅក្នុង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បាគង​ក៏មាន​ការ ចូលរួម​របស់​បងប្អូន​ស្ត្រី​ជាច្រើន​ដូចជា ការងារ​សាកល្បង​មុខងារ​ប្រព័ន្ធ ការងារ​រចនា​និង​ការងារ​សម្របសម្រួល និង រៀបចំ​ឯកសារ​ជាដើម ។

គម្រោង​បាគង គឺជា​គម្រោង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​រាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ គម្រោង​នេះ នឹង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​មួយ​ដែលមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ក្នុងការ​បង្ការ​ហានិភ័យ​ពី​ការវាយលុក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

លោកអ្នក​អាចធ្វើ​ការផ្ញើ​ប្រាក់ ឬ​ទទួល​ប្រាក់​ពី​មនុស្ស​ជាទី​ស្រលាញ់ បាន​គ្រប់ពេលវេលា ពី​គ្រប់​សេវា​ដែល​ធនាគារ​របស់លោក​អ្នក​កំពុង​ផ្តល់ជូន ឬក៏​ធ្វើការ​ទូទាត់​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​សេវា​បាគង​ផ្ទាល់។ សេវា​បាគង​មាន​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ដែល​នឹង​បម្រើ​ជូន​លោកអ្នក២៤ម៉ោង/៧ថ្ងៃ និង៣៦៥ថ្ងៃ​ក្នុង​មួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here