ចំណេះដឹង! តើ​ធនាគារជាតិ​នៃ​កម្ពុជា មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​ប្រព័ន្ធ​ទូទាត់?

ដោយ៖ សាវុធ

ភ្នំពេញ៖ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​គឺជា ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ប្រទេស​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ផ្តល់នូវ​មធ្យោបាយ​ទូទាត់​សង​ប្រាក់​ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការទិញ​ទំនិញ សេវា និង​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ ព្រមទាំង​ផ្តល់នូវ​មធ្យោបាយ​ដែលមាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព សម្រាប់​អាជ្ញាធរ ប្រើប្រាស់ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ជា​ប្រព័ន្ធ​និង​សម្រាប់​ធនាគារកណ្តាល​អ​នុ​វត្ត​គោលនយោបាយ​រូបិយវត្ថុ ។ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ប្រតិបត្តិការ​នៅក្នុង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា​អនុវត្ត ភារកិច្ចធំៗ ៣ ដូចជា៖

  • ការផ្តល់សេវា​ធនាគារ

ធនាគារជាតិ​នៃ​កម្ពុជា​ផ្តល់​សេវា​ធនាគារ​ដល់​រាជរដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ (how about microfinance institutions?) បើក​គណនី​ក្នុងនាម​ជា​ភ្នាក់ងាររដ្ឋ និង​ជា​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល ជាពិសេស រតនាគារជាតិ ។ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ជួយ​គ្រប់គ្រង​បំណុល​រាជរដ្ឋាភិបាល ឬ​អង្គភាព​សាធារណៈ ដោយ​ធ្វើ​ប្រតិបត្តិ​ការមូល​ប​ត្រ រួមទាំង​ការ​ផ្តល់យោបល់​លើ​ការ​កំណត់ពេល​នៃ​ការចេញផ្សាយ​មូល​ប​ត្រ ។ លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ទិញ-លក់​និង​ទិញ​ឡើងវិញ​នូវ​មូល​ប​ត្រ​រដ្ឋាភិបាល​ផងដែរ ។ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​លើកកម្ពស់ សេវា​អន្តរ​ធនាគារ​ដូចជា ការធ្វើ​មជ្ឈការ​ហានិភ័យ និង​បំណុល​ដែល​មិនបាន​ទូទាត់​សង ក៏ដូចជា​ការបង្កើត​ម​ជ្ឈ​មណ្ឌល​ផាត់ទាត់​សម្រាប់​ផាត់ទាត់​និង​ទូទាត់​សង​ប្រាក់​អន្តរ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ឆាប់រហ័ស ។

  • ប្រតិបត្តិការ​ប្រព័ន្ធ​ទូទាត់​ជាតិ

ធនាគារជាតិ​នៃ​កម្ពុជា ដំណើរការ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ផ្ទេរប្រាក់​រវាង​គ្រឹះស្ថាន ធនាគារ​និង​ហិរញ្ញវត្ថុ ឬ​ប្រតិបត្តិការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ផ្តល់នូវ​ការទូទាត់ សុទ្ធ​ចុងក្រោយ​លើ​កាតព្វកិច្ច​ដែល​បាន​ផាត់ទាត់​តាមរយៈ​ប្រព័ន្ធ​ទូទាត់​រាយ និង​ការដក​និង​ទទួល​មូលនិធិផ្សេងៗ របស់​រតនាគារជាតិ ។ មានតែ​ស្ថាប័នរដ្ឋ​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ដែល​អាច​បើក​គណនី​នៅ​ធនាគារ ជាតិ​នៃ​កម្ពុជា​បាន ។ ឯកត្តជន និង​ក្រុមហ៊ុន​ធុរកិច្ច​មិនមែន​ហិរញ្ញវត្ថុ​ឯកជនផ្សេងៗ មិនអាច​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឡើយ ។ ក្រៅពី​ការកំណត់​បើក​គណនី​ឲ្យ​តែ​រាជរដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​ពុំមាន​កំណត់​លក្ខ​ខ័​ណ្ឌផ្សេងៗដើម្បី បើក​គណនី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ឡើយ ដូចជា ទំហំ​ទ្រព្យសកម្ម​អប្បបរមា ឬ​ចំនួន​នៃ​ការទូទាត់ ជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារពាណិជ្ជ​ដែលមាន​អាជ្ញាប័ណ្ណ​ទាំងអស់​តម្រូវ​ឲ្យ​បើក​គណនី​បី​ប្រភេទ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា រួមមាន គណនី​ចរន្ត គណនី​ប្រាក់​បម្រុង​កាតព្វកិច្ច និង​គណនី​ប្រាក់​តម្កល់​ធានា​លើ​ដើមទុន ។ រាល់​ប្រតិបត្តិការផ្សេងៗ ដូចជា ដាក់​ប្រាក់ ដក​ប្រាក់​ឬ​បង្វែរ​គឺត្រូវធ្វើ​ឡើង​តាមរយៈ​គណនី​ចរន្ត ។ ជាគោលការណ៍ ការប្រាក់​មិនត្រូវ​បានផ្តល់​ចំពោះ​សមតុល្យ​ក្នុង​គណនី​ចរន្ត​ឡើយ ។ ចំពោះ​ធនាគារពាណិជ្ជ​ជា​សមាជិក​របស់​សភា​ផាត់ទាត់​ជាតិ​ត្រូវមាន​គណនី​ដាច់ ដោយឡែក​មួយ​ផ្សេងទៀត សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​ទូទាត់​ហៅថា គណនី​ទូទាត់ ។ លើសពីនេះ ធនាគារជាតិ នៃ​កម្ពុជា​ក៏​ផ្តល់​ឥណទាន​វិ​បា​រូប​ន៍​ដល់​ធនាគារ​ជា​សមាជិកសភា​ផាត់ទាត់​ជាតិ​ទាំងអស់ សម្រាប់​ដោះស្រាយ​ក្នុងករណី កង្វះខាត​សន្ទនីយ​ភាព​សម្រាប់​ការទូទាត់​ជា​បណ្តោះអាសន្ន ។

  • ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ទូទាត់

ធនាគារជាតិ​នៃ​កម្ពុជា​មានការ​ទទួលខុសត្រូវ​ដែល​កំណត់ដោយ​ច្បាប់ ក្នុងការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ប្រព័ន្ធ ទូទាត់​សង​ប្រាក់ ។ ដើម្បី​ឲ្យ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព ធនាគារជាតិ​នៃ​កម្ពុជា​អាច​ចេញផ្សាយ​ប្រកាស កំណត់​ពី​លក្ខ​ខ័​ណ្ឌ​សម្រាប់​អ្នកផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ព្រមទាំង​ផ្តល់​អាជ្ញាប័ណ្ណ​និង​ចុះបញ្ជី​សម្រាប់​គ្រឹះស្ថាន​ផ្អែកលើ​លក្ខ​ខ័​ណ្ឌ​ដែល​បានកំណត់ ។

ក្នុង​កិច្ចការងារ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ក្នុងប្រទេស ជាពិសេស​វិស័យ​ធនាគារ​ដែល​តំណាង​ដោយ​សមាគម​ធនាគារ​កម្ពុជា​ហើយ​ក្នុង​គោលដៅ សម្រួល​នូវ​ទំនាក់ទំនង​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​កម្ពុជា​ក៏បាន​បង្កើតជា​អនុគណៈកម្មការ​ប្រព័ន្ធ ទូទាត់ ដែលមាន​តួនាទី​អនុវត្ត​ការងារ​ទាក់ទង​នឹង​គោលនយោបាយ ការគ្រប់គ្រង និង​ប្រតិបត្តិ​ការទូទាត់​ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here