រដ្ឋាភិបាលគ្រោងនឹងបើកអោយប្រើប្រាស់បណ្ណបើកបរឆ្លងប្រទេសសម្រាប់ ជនជាតិខ្មែរបរទេស

ដោយ លក្ខិណា

ភ្នំពេញៈ  អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូ​នបានប្រកាសនៅថ្ងៃទី១០កក្កដា ២០២០នេះថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា អាចរៀននិងប្រឡងយកបណ្ណបើកបរសម្រាប់ប្រើប្រាស់នៅប្រទេសចំនួន៩៩ប្រទេស ដើម្បីសម្រួលដល់ពលរដ្ឋខ្មែរ បើកបរឆ្លងប្រទេសនិងពលរដ្ឋខ្មែរទៅលេងក្រៅប្រទេស ហើយជួលរថយន្តនៅប្រទេសនោះបើកបរដោយខ្លួនឯង។

លោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថា នៅពេលខាងមុខជនជាតិខ្មែរនិងជនបរទេសទាំងឡា​យ ដែលចង់បានបណ្ណបើកបរខ្នាតអន្តរជាតិ និងប្រើប្រាស់ច្រើនប្រទេសបាន ត្រូវប្រឡងយកបណ្ណបើកបរទាំងនោះទៅប្រើការ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “អត្ថប្រយោជន៍នៃបណ្ណបើកបរប្រភេទថ្មីនេះ នឹងអាចសម្រួលដល់អ្នកបើកបរឆ្លងប្រទេស ដូចជាប្រទេសជាប់ព្រំដែននៃកម្ពុជាជាដើម បើទៅដល់ព្រំដែនគេតម្រូវអោយប្តូរអ្នកបើកបរ”។លោកបន្តថា “បើសិនជាអ្នកបើកនោះ មានបណ្ណបើកបរប្រភេទថ្មីពួកគេអាចបើកចូលបាន ដោយមិនចាំបាច់ប្តូរអ្នកបើកបរក៏បានដែរ”។

មួយវិញទៀត អ្នកឧស្សាហ៍ចេញចូលក្រៅប្រទេស ពេលចុះពេលពីលើយន្តហោះ ហើយមិនចង់អោយមានអ្នកបើកបរ ពួកគេអាចជួលរថយន្តក្នុងប្រទេសនោះជិះ ធ្វើដំណើ​រដោយប្រើបណ្ណបើកបរតែមួយ ។

លោកបន្ថែមថា បើទោះបីជាមានបណ្ណបើកបរ ដែលអាចបើកបរបានច្រើនប្រទេសក្ដី ក៏ប៉ុន្តែតែអ្នកអ្នកបើកបរទាំងនោះ ត្រូវគោរពតាមច្បាប់ និងលក្ខន្តិកៈរបស់ប្រទេសទាំងនោះដែរ ការពិន័យការបទល្មើសចរាចរណ៍ផ្សេងៗគឺត្រូវអនុវត្តន៍តាមគេទាំងអស់។

លោកបញ្ជាក់ ថាសម្រាប់ជនបរទេសមកដល់កម្ពុជា មុននឹងអាចបើកបរបាន ត្រូវយកបណ្ណបើកបរជាតិរបស់គាត់ មកប្តូរយកបណ្ណបើកបរជាតិរបស់កម្ពុជាសិន ទើបអាចបើកបរបាន ហើយបើសិនជាគាត់ចង់បានបណ្ណបើកបរអន្តរជាតិ គាត់ត្រូវមកប្រឡងយកបណ្ណបើកបរជាតិកម្ពុជា ទើបអាចប្តូរយកបណ្ណអន្តរជាតិបាន តែមិនអាចយកបណ្ណបើកបរជាតិរបស់គាត់មកប្តូរយកបណ្ណបើកបរជាតិខ្មែរ ហើយយកបណ្ណបើកបរជាតិខ្មែរ មកប្តូរយកបណ្ណបើកបរអន្តរជាតិបានទេ។

លោកវ៉ា ស៊ឹមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអោយដឹងថា បើតាមអ្វីដែលរដ្ឋមន្ត្រីបានមានប្រសាសន៍គឺវាបែបនោះមែន ហើយច្បាស់ការណាយ៉ាងនោះ គឺរង់ចាំមើលជាក់ស្ដែងពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here