អតិថិជនសម្រុកដកប្រាក់បញ្ញើអស់ជាង៦៨ពាន់លានដុល្លារពីធនាគារស្វីស Credit Suisse នៅត្រីមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ធនាគារបានបង្ហាញថា ប្រាក់រាប់សិបពាន់លានត្រូវបានដកចេញពីធនាគារ Credit Suisse ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣នេះ ដោយផ្តល់តម្រុយដល់បញ្ហាប្រឈមដ៏ច្រើននៅខាងមុខ។

ទឹកប្រាក់ចំនួន៦១,២ពាន់លានហ្វ្រង់ស្វីស(៦៨,៦ពាន់លានដុល្លារ) ត្រូវបានដកចេញពីធនាគារដ៏ធំទីពីររបស់ប្រទេសស្វីសមួយនេះនៅក្នុងត្រីមាសទី១។

ក្រុមវិនិយោគិនបាននឹងកំពុងរង់ចាំលទ្ធផលយ៉ាងអន្ទះសារ ខណៈដែលពួកគេស្វែងរកតម្រុយអំពីទំហំនៃបញ្ហាប្រឈម ដែលធនាគារធំជាងគេរបស់ប្រទេសស្វីស UBS ត្រូវប្រឈមមុខ។

នៅក្នុងការជួញដូរពេលរសៀល ផ្សារហ៊ុនរបស់ធនាគារ Credit Suisse បានហក់ឡើង០,៦ភាគរយដល់០,៨ហ្វ្រង់ស្វ៊ីសក្នុងមួយហ៊ុន ហើយផ្សារហ៊ុន UBS បានបិទត្រឹម០,៨ភាគរយនៅ១៨,២ហ្វ្រង់ក្នុងមួយហ៊ុន ដោយសារសន្ទស្សន៍ SMI របស់ផ្សារហ៊ុនស្វីសបន្តនៅទ្រឹងជាមូលដ្ឋាន។

ប្រាក់ចំណូលប្រចាំត្រីមាសទីមួយរបស់ធនាគារ Credit Suisse អាចជាលទ្ធផលចុងក្រោយ បន្ទាប់ពីធនាគារនេះត្រូវបានទិញកាលពីខែមុនដោយ UBS នៅក្នុងកិច្ចព្រមព្រៀងសង្គ្រោះបន្ទាន់ដែលរៀបចំឡើងដោយរដ្ឋាភិបាលស្វីស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Credit Suisse Group AG គឺជាធនាគារវិនិយោគសកល និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង និងមានទីតាំងនៅប្រទេសស្វីស។ ធនាគារនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺរិច វាមានការិយាល័យនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ៗទាំងអស់នៅជុំវិញពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here