IFC ចុះកិច្ចព្រមព្រៀងផ្ដល់សេវាប្រឹក្សាគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មតម្លៃ២០០លានដុល្លារនៅព្រះសីហនុ

ដោយៈ សុខុម

ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅថ្ងៃពុធ ទី១៩ ខែមេសា នេះបានចុះកិច្ចព្រមព្រៀងផ្តល់សេវាប្រឹក្សាហិរញ្ញវត្ថុ លើគម្រោងអភិវឌ្ឍន៍មជ្ឈម​ណ្ឌលភ័ស្តុភារកម្មថ្មីមួយកន្លែង ដែលមានតម្លៃ២០០លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមមួយបង្ហាញថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន IFC នឹងជួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ អនុលោមតាមច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជននៃព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មាននេះមានខ្លឹមសារដូច្នេះថា “គម្រោងនេះនឹងត្រូវអភិវឌ្ឍជាដំណាក់កាល ជាមួយនឹងទុនវិនិយោគប្រមាណ២០០លានដុល្លារអាមេរិក”។

ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនមានប្រសាសន៍ថា គម្រោងមជ្ឈ​មណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ នេះស្ថិតក្នុងចំណោមគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មអាទិភាពចំនួន២ ដែលនឹងត្រូវសាងសង់នៅកម្ពុជា។

លោកបន្តថា “គោលបំណងរបស់យើង គឺធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្ទេរភ័ស្តុភារកម្ម ថ្នាក់តំបន់នៅអាស៊ីអាគ្នេយ៍”។

ជាមួយនឹងទីតាំងជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងខេត្តព្រះសីហនុ និងមានការតភ្ជាប់យ៉ាងល្អ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវរថភ្លើង និងអាកាសយានដ្ឋានមួយ មជ្ឈមណ្ឌលនេះអាចបំពេញបន្ថែមពីលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់​គ្រង២ ភាគ៣នៃទំនិញកុងតឺន័រសរុបទូទាំងប្រទេស។

គម្រោងនេះទំនងជាត្រូវប្រគល់ ឱ្យទៅអ្នកដេញថ្លៃឈ្នះនៅចុងឆ្នាំ២០២៤ ហើយការសាងសង់នឹងប្រើរយៈពេលសាងសង់៣ឆ្នាំ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here