អគ្គនាយកCSXចង់ឃើញប្រជាពលរដ្ឋវិនិយោគលើផ្សារហ៊ុន និងកាត់បន្ថយការវិនិយោគលើអចលនទ្រព្យ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរបានថ្លែងថា លោកចង់ឃើញអ្នកមានធនធាន ចូលរួមវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ដោយកាត់បន្ថយការវិនិយោគ ទៅលើវិស័យអចលនទ្រព្យ ដើម្បីឲ្យការជួញដូរប្រចាំថ្ងៃកើនដល់១០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ខាងមុខ។

លោកបានអះអាងថា “បច្ចុប្បន្ននេះ មានអ្នកមានធនធានបានកប់ថវិកាទៅលើវិស័យ អចលនទ្រព្យច្រើនណាស់ បើដកតែ៣ទៅ៤ភាគរយ ពីការវិនិយោគវិស័យអចលនទ្រព្យក៏បាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាការអំពាវនាវរបស់លោក ហុង សុហួរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្នុងកម្មវិធីរ៉ូដសូ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង​ (IPO) របស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

លោក ហុង សុហួរ បានឲ្យដឹងទៀតថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៨ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និង៩ទៀតបានចុះបញ្ជីលក់សញ្ញបណ្ណ។ លោកបន្តថា ក្រុមហ៊ុនទាំង១៨ បានកៀរគរទុនពីទីផ្សារមូលបត្រ ៣១៧លានដុល្លា​រអាមេរិក។

លោកអគ្គនាយកបានបន្ថែមថា ទំហំនៃការជួញដូរក្នុងផ្សារមូលបត្រប្រចាំថ្ងៃជាមធ្យម ក្នុងឆ្នាំ២០២២ បានកើនឡើងដល់ជាង ៥០០,០០០ដុល្លារអាមេរិក តែចំនួននេះបើធៀបជាមួយស្រុកគេ នៅកម្រិតទាបខ្លាំងណាស់ ពោលបើធៀបជាមួយស្រុកថៃ គេមានទំហំជិត ២,០០០លានដុល្លារ។

ទោះជាយ៉ាងនេះក្តី នៅឆ្នាំ២០១៧ ការជួញដូរប្រចាំថ្ងៃ នៅផ្សារមូលបត្រកម្ពុជា មានតែ១៥,០០០ដុល្លារតែប៉ុណ្ណោះ មានន័យថា បានកើនឡើងជាង៣០ដងឯណោះ។

លោកហុង សុហួរបានបន្តថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានវិនិយោគិន៣៨,០០០នាក់ (ឬគណនី) ត្រូវបានបើក ហើយរំពឹងថា នឹងកើនឡើងដល់៥០,០០០គណនី នៅចុងឆ្នាំ២០២៣។ គេឃើញថាទៀតថា សកម្មភាពជួញដូរកាន់តែសកម្ម ពោលនៅឆ្នាំ២០១៧ ជាមធ្យមប្រចាំថ្ងៃ មានអ្នកដាក់បញ្ជាទិញលក់ មិនដល់១០០នាក់ទេ តែក្នុងឆ្នាំ២០២២ អ្នកដាក់បញ្ជាទិញប្រចាំថ្ងៃមានរហូតដល់ទៅ១០០០​នាក់​។

ក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជា ត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការ ក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រ កម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេល ក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។

នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួន ក្នុងការឈរលើវិស័យអប់រំ មួយនេះដដែល ដោយបច្ចុប្បន្ន ក្រុមហ៊ុន មានសាខាសរុប ចំនួន១៥ ក្នុងរាជធានី ខេត្ត ក្រុង មានសិស្សជាង ២០ ០០០នាក់ បុគ្គលិក ២ ១៤៩នាក់ និងមានអតីតសិស្សជាង៥០,០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុន នឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីស្ថាបនិក និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុនម៉េងលី ជេគួច អេឌ្យូខេសិនបានឲ្យដឹងថា បន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យ ចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការ​ណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានឯកភាពលើសំណើដាក់តម្លៃ២០៨០រៀល ក្នុងមួយភាគហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

លោកស៊ូ សុជាតិអគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំបានមានប្រសាសន៍ថា ឡើងផ្សារមូលបត្របាន គឺជាក្រុមហ៊ុនមួយ ដែលទទួលបាននូវទំនុកចិត្តពីអ្នកពាក់ព័ន្ធ

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ ចង់លក់ភាគហ៊ុន៥.៩% ហើយសង្ឃឹមថា នឹងប្រមូលថវិកា១០លានដុល្លារអាមេរិក ដើម្បីពង្រី​កស្ថាប័នអប់រំរបស់ខ្លួន និងជាការរួមចំណែកអភិវឌ្ឍវិស័យអប់រំ ជាមួ​យរាជរដ្ឋាភិបាលកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ។ ការធានាភាគលាភគឺ៦% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលពីរឆ្នាំដំបូង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here