គម្រោងព្រែកជីកទន្លេបាសាក់ ទៅកាន់ខេត្តកែបកាន់តែមានសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងព្រែកជី​កទន្លបាសា​ក់ ដែល​តភ្ជាប់​ពីរាជធានីភ្នំពេញ ទៅដល់ខេត្តកែប កាន់តែមា​ន​តម្រុយ​និងសញ្ញាវិជ្ជមានកាន់​តែខ្លាំង ក្រោយ​ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហា​ញ​ពីផែនការក្នុងការអភិវឌ្ឍកាន់តែច្បាស់ឡើងៗ។

ជាក់ស្ដែងក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញលទ្ធផលសិក្សារយៈពេល២ឆ្នាំ និងបានបង្ហាញថាគម្រោងនេះមិនមានផលប៉ះពាល់ជាអវិជ្ជមានឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូ​នក្នុងកិច្ចពិភាក្សារវាងលោកស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រុមហ៊ុនសិក្សាគម្រោងនេះ បានបង្ហាញថាលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព អស់រយៈពេល២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ។

ការសិក្សាបានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យមានផលប៉ះពាល់ ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ១៩៩៥។ អ្វីដែលជាទីកត់សម្គាល់  គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញ សម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ ។

លោកហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងផងដែរថា វាពិតជាលើសពីអ្វីដែល ប្រជាពលរដ្ឋ ធ្លាប់ដឹងពីផ្លូវល្បឿនលឿន ។ សូម្បីតែលោកក៏កាលណោះ គឺមិនទាន់យល់ថា ផ្លូវល្បឿនលឿននោះប្រយោជន៍ខ្លាំងប៉ុណ្ណា ។លោកបន្តថា  ធ្លាប់ជិះភ្នំពេញ កំពង់សោម៥ម៉ោង ថយមកនៅជិត២ម៉ោង វាម៉ិចនឹងទៅរួច! តែនៅចុងឆ្នាំ២០២២ ប្រជាពលរដ្ឋមួយនគរ រួមទាំងខ្លួនលោក គឺទទួលស្គាល់ពីគុណតម្លៃ នៃការតភ្ជាប់ផ្លូវល្បឿនលឿនមួយនេះ យ៉ាងពិតប្រាកដមែន។

លោកបន្តថា មជ្ឈមណ្ឌលភស្តុភាកម្ម និងព្រែកជីទន្លេបាសាក់ ជាគម្រោងដែល ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូធា កាត់បន្ថយពេលវេលា និងចំណា​យដឹកជញ្ជូន។

លោកហ៊ាង សុទ្ឋយុត្តិបានបន្តថា ”ការដឹកតាមផ្លូវទឹក គឺត្រូវចេញីភ្នំពេញ ទៅវៀតណាម តាមកំពុងផែ Cai Mep ឆ្លងនីតិវិធីរបស់អ្នកជិតខាង (ដកដង្ហើមតាមច្រមុះគេ) រួចបានត្រឡប់មក កែប កំពតកំពង់សោម កោះកុង តាមផ្លូវទឹកបច្ចុប្បន្ន”។

លោកបន្ថែមថា តាមគម្រោងនេះ យើងនឹងមានលទ្ធភាពដូរមកដកដង្ហើមតាមច្រមុះខ្លួនឯងគឺ ចេញពីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល តាកែវ រួចដល់កែប តែម្តង កាន់បន្ថយចំណាយ និងពេលវេលា ក្នុងការដឹកជញ្ជូនយ៉ាងពិតប្រាកដ។ គម្រោងនេះ នឹងនាំមកនូវផលចំណេញ សេដ្ឋកិច្ចជាតិខ្ពស់ បង្កើតការងារជាច្រើន រំដោះទឹកជំនន់និងគ្រោះរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព ។

បច្ចុប្បន្ននេះ ខេត្តកែបកំពុងតែមានសក្ដានុពលធំធេង ក្នុងការទាក់ទាញការវិនិយោគនានា ទាំងដីគោកនិងដីកោះ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែមទៀត ទៅកាន់ខេត្តកែប និងផ្លូវក្នុងខេត្តផ្ទាល់ ដែលរំពឹងថាខេត្តមួយនេះ នឹងកាន់តែមានការវិនិយោគខ្លាំងឡើង បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទាំងឡា​យផុសចេញជារូបរាង។

ជាមួយនឹងគំរោងជាប្រវត្តិសាស្រ្តនេះ ខេត្តកែបកំពុងត្រៀមស្វាគមន៍ទីក្រុងរណបធំមួយទំហំជាង១៤០០ហិកតា ដែលនឹងសាងសង់នាពេលខាងមុខ ស្របពេលគំរោងអភិវឌ្ឍន៍ នៅកោះទន្សាយរបស់អ្នកឧកញ៉ាទ្រី ភាព បាននិងកំពុងបង្កើនល្បឿនលើការអភិវឌ្ឍផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here