ធនាគាររបស់ប្រទេសចិនគ្រោងបញ្ចេញឥណទាន១៧,៥ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនឯកជន

ដោយៈ សុខុម

ប៉េកាំងៈ បណ្ដាធនាគារនៃប្រទេសចិន បានព្រមព្រៀងផ្ដល់ឥណ​ទានរហូតដល់ទៅ១៧,៨ពាន់លានដុល្លារ ដល់ក្រុមហ៊ុនឯកជន ខណៈក្រុមអ្នកបង្កើតគោលនយោបាយ បានសន្យាជួយគាំទ្រ ដល់វិស័យឯកជន ដែលមានសារៈសំខាន់សម្រាប់កំណើន និងការបង្កើតការងារ។

ធនាគារប្រជាជនចិន (PBC) ដែលជាធនាគារកណ្ដាលប្រទេសចិន បានចេញសេចក្ដីថ្លែងការណ៍ថា កិច្ចព្រមព្រៀងស្តីពីខ្សែបន្ទាត់ឥណទាន (Credit Line) ត្រូវបានចុះហត្ថលេខា រវាងធនាគារចំនួន១០ និងក្រុមហ៊ុនឯកជនចំនួន៣០កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា នៅក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនឯកជនទាំងនេះ រកស៊ីក្នុងវិស័យផលិតបន្ទះឈីប អាកាសវេហារ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យាព័ត៌មាន ការដឹកជញ្ជូន និងភ័ស្តុភារ។

ធនាគារកណ្តាលប្រទេសចិន បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងធានាថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនឯកជនគឺស្របតាមការរួមចំណែករបស់ពួកគេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

កាលពីពេលថ្មីៗនេះ ក្រុមមេដឹកនាំចិន បានចាប់ផ្តើមធានាអះ​អាងចំពោះបណ្ដាសហគ្រិនឯកជន ដោយសន្យាធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តជាងមុន បន្ទាប់ពីការបង្ក្រាបរយៈពេល៣ឆ្នាំ ទៅលើវិស័យបច្ចេកវិទ្យា និងវិស័យអចលនទ្រព្យ។

បណ្ដារដ្ឋអំណាចមូលដ្ឋានក្នុងប្រទេសចិន បានប្រញាប់ប្រញា​ល់ដាក់ចេញគោលនយោបាយយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគច្រើនផ្តោតលើពន្ធ ការគាំទ្រឥណទាន និងការកាត់បន្ថយការិយាធិបតេយ្យ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here