គយកម្ពុជាប្រមូលចំណូលគយបានជាង៥៦៤លានដុល្លារនៅក្នុង ត្រីមាសទី១

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការប្រមូលចំណូលពន្ធរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ សម្រេចបានជាង៥៦៤លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណូលដែលប្រមូលបាននេះ មានការធ្លាក់ចុះប្រមាណ៥% ខណៈកាលពីត្រីមាសទី១ ឆ្នាំ២០២២ គយរកចំណូលជាង៦០០លានដុល្លារ។

ផ្អែកតាមទិន្នន័យដដែល ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រគឺមានបរិមាណខ្ពស់ ពោលគឺមានចំនួនប្រមាណ៣៦%។ ចំណែក ទំនិញសរុបមានជិត៣៣% ផលិតផលសិលាមាន២៤% និងគ្រឿងសំណង់ និងរបស់របរផ្សេងទៀតមានចំនួនជិត៧%។

ដោយឡែក មុខទំនិញដែលកម្ពុជានាំចេញវិញ គឺផលិតផលកាត់ដេរ សម្រេចបានប្រមាណជាង២ពាន់លានដុល្លារ ធ្លាក់ចុះជាង២២%។

ចំពោះការនាំចេញផលិតផលមិនមែនកាត់ដេរ ដែលបូកបញ្ចូលជាមួយ គ្រឿងបង្គុំអេឡិចត្រូនិក បង្គុំខ្សែភ្លើង ផលិតផលធ្វើពីឈើ ផលិតផលបា្លសិ្ទក កង់ កុងផ្លាកេ គ្រឿងបន្លាស់រថយន្ត ស្បែកសត្វកែឆ្នៃ អំពូលលម្អ និងផលិតផលទំនិញជាច្រើនផ្សេងទៀត មានតម្លៃប្រមាណ១៤០០លានដុល្លារ ដោយកើនឡើង១៩%។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា សម្រាប់ការនាំចេញកសិផលវិញ បានសម្រេចជាង១២០០លានដុល្លារ កើនឡើង១១%។

ក្នុងនោះ ការនាំចេញស្រូវបានចំណូល ជាង៤០០លានដុល្លារ កើនជិត៣៨% ឬប្រមាណ១១២លានដុល្លារ។ ខណៈការនាំចេញអង្ករ មានតម្លៃ១២៦លានដុល្លារ កើនឡើងជិត២០% ស្របពេលដែលការនាំចេញកៅស៊ូវិញ បានថយចុះជាង១០% ពោលគឺទទួលបានចំណូលប្រមាណ៩៣លានដុល្លារ និងកសិផលផ្សេងទៀតកើនឡើង២% ឬប្រមាណ៦២៨លានដុល្លារអាមេរិក។

កាលពីត្រីមាសដំបូងនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានប្រមូលចំណូល បានប្រមាណ៦០០លានដុល្លារ ឬស្មើនឹង២៣%នៃច្បាប់ថវិកាជាតិឆ្នាំ២០២២។

ដោយឡែកក្នុងមួយឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលបានចំណូលបាន ចំនួន២៦០០លានដុល្លារ កើនឡើងជាង១០៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here