ផ្សារហ៊ុននៅតំបន់អាស៊ីដាំក្បាលចុះ មុនផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានដាំក្បាលចុះនៅថ្ងៃពុធនេះ មុនពេលចេញផ្សាយរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើផ្លូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក Federal Reserve។

សន្ទស្សន៍ធំជាងគេរបស់ក្រុមហ៊ុន MSCI នៃផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅខាងក្រៅប្រទេសជប៉ុនដាំក្បាលចុះ០,១៧ភាគរយនៅក្នុងការជួញដូរដ៏ច្របូកច្របល់។ សន្ទស្សន៍ Nikkei របស់ជប៉ុនហក់ឡើងថ្លៃ០,៤៩ភាគរយ ខណៈសន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលីបានហក់ឡើង០,៦៥ភាគរយ។

តម្លៃផ្សារហ៊ុនរបស់ប្រទេសចិនបានលាយឡំគ្នានៅពេលបើកការជួញដូរ ដោយសន្ទស្សន៍ Shanghai Composite ហក់ឡើង០,១ភាគរយ ខណៈដែលសន្ទស្សន៍ Hang Seng របស់ហុងកុងបានដាំក្បាលចុះ០,០២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថាអតិផរណាអ្នកប្រើប្រាស់របស់ប្រទេសចិននៅក្នុងខែមីនាគឺស្ថិតនៅអត្រាទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១។

នៅសហរដ្ឋអាមេរិក សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ត្រូវបានគេរំពឹងថា នឹងបង្ហាញពីអតិផរណាស្នូលបានកើនឡើង០,៤ភាគរយប្រចាំខែ និង៥,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមីនា។ នេះបើយោងតាមការស្ទង់មតិពីសេដ្ឋវិទូរបស់សារពត៌មាន Reuters។

លោក Harry Ottley សេដ្ឋវិទូនៅធនាគារ Commonwealth Bank of Australia បានមានប្រសាសន៍ថា “វិនិយោគិនសង្ឃឹមថា ទិន្នន័យអតិផរណានៅថ្ងៃពុធអាចជាសញ្ញាថាធនាគារ Federal Reserve ឈានជិតដល់ទីបញ្ចប់នៃវដ្តដំឡើងអត្រាការប្រាក់របស់ខ្លួន”។

លោក Harry Ottley បានធ្វើការកត់សម្គាល់ថា ការផ្តោតអារម្មណ៍របស់វិនិយោគិនបន្តផ្លាស់ប្តូរពីវិបត្តិធនាគារក្នុងខែមីនា ត្រលប់ទៅកាន់បញ្ហាអតិផរណាវិញ។

ភាពចលាចលនៅក្នុងវិស័យធនាគារបានជំរុញឱ្យមានការរំពឹងទុកមួយចំនួនដែលថា ធនាគារ Fed ប្រហែលជាអាចកាត់បន្ថយអត្រាការប្រាក់ ដើម្បីបន្ធូរភាពតានតឹងមួយចំនួននៅក្នុងទីផ្សារ ប៉ុន្តែបរិយាកាសអតិផរណាមិនអាចផ្តល់ឱកាសច្រើនដល់ធនាគារកណ្តាលអាមេរិកនោះទេ។

នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិក ធៀបនឹងគូប្រជែងចំនួន៦បានដាំក្បាលចុះ០,០៤៩ភាគរយ ខណៈតម្លៃប្រាក់អឺរ៉ូបានហក់ឡើង០,១២ភាគរយដល់១,០៩ដុល្លារក្នុងមួយអឺរ៉ូ ហើយប្រាក់យ៉េនបានហក់ឡើងថ្លៃ០,០៤ភាគរយដល់១៣៣,៦៣យ៉េន ក្នុងមួយដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here