រូបិយប័ណ្ណBitcoin ហក់ឡើងថ្លៃលើស៣០.០០០ដុល្លារពេលវិនិយោគិនបង្ហាញសុទិដ្ឋិនិយមពីការបញ្ចប់ការដំឡើងការប្រាក់

ដោយៈ សុខុម

សិង្ហបុរី: រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុត របស់ពិភពលោក Bitcoin បានហក់ឡើងថ្លៃលើស៣០.០០០ដុល្លារ នៅថ្ងៃថ្ងៃអង្គារ ទី១១ ខែមេសា នេះដែលជាលើកដំបូងក្នុងរយៈពេល១០ខែមកនេះ។

ការហក់ឡើងថ្លៃនេះកើតមានឡើង នៅពេលបណ្ដាវិនិយោគិនរំពឹងទុកខ្ពស់ជាងមុនថា ធនាគារកណ្ដាលអាមេរិក (Federal Reserve) នឹងបញ្ចប់យុទ្ធនាការរឹតបន្តឹងរូបិយវត្ថុ យ៉ាងគំហុករបស់ខ្លួនក្នុងពេលឆាប់ៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Bitcoin បានហក់ឡើងថ្លៃដល់៣០.៤៣៣ដុល្លារ នៅក្នុងការជួញដូរនៅអាស៊ី គឺខ្ពស់ជាង២% បើធៀបនឹងការហក់ឡើងថ្លៃលើកចុងក្រោយ៣០.២៦២ដុល្លារក្នុងមួយកាក់។ តម្លៃនេះបានហក់ឡើង៦% ចាប់តាំងពីដើមខែមេសា បន្ទាប់ពីហក់ឡើងថ្លៃ២៣%ក្នុងខែមីនា។

ការហក់ឡើងថ្លៃនៃរូបិយប័ណ្ណអេឡិចត្រូនិច ឬគ្រីបតូនេះកើតមានឡើង បន្ទាប់ពីរបាយការណ៍ស្តីពី ប្រាក់បៀវត្សរ៍មិនមែនក្នុងវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុនបង្ហាញថា បណ្ដានិយោជកបានបង្កើនល្បឿនជ្រើសរើស បុគ្គលិកក្នុងខែមីនា ដែលនេះសរបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចកិច្ចនៅតែធន់ទ្រាំ។

ទោះជាយ៉ាងណា ភាពចលាចលក្នុងវិស័យធនាគារ ដែលបង្កឡើងដោយការដួលរលំធនាគារ Silicon Valley កាលពីខែមុន បានធ្វើឱ្យទីផ្សាររំពឹងទុកខ្ពស់ជាងមុនថា ធនាគារកណ្ដាលអាមេរិក (Federal Reserve) ទំនងជានឹងមិនដំឡើងអត្រាការប្រាក់ឱ្យខ្ពស់ជាងនេះឡើយ ខណៈធនាគារនេះស្វះស្វែងបន្ធូរបន្ថយ សម្ពាធតាន​តឹងលើវិស័យនេះ។

លោក Tina Teng អ្នកវិភាគទីផ្សារនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុនៅអង់គ្លេស CMC Markets បានលើកឡើងថា “ហេតុផលនៅពីក្រោយការហក់ឡើងថ្លៃស្រឺតៗ នៃគ្រីបតូនេះគឺសុទិដ្ឋិនិយមរបស់ក្រុមអ្នកជួញដូរ ចំពោះគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលអាមេរិក”។

ទន្ទឹមនេះ កាលពីសប្ដាហ៍មុន Ether ដែលជារូបិយប័ណ្ណគ្រីបតូធំបំផុតទី២ របស់ពិភពលោកបានហក់ឡើងថ្លៃខ្ពស់បំផុត មិនធ្លាប់មាន ក្នុងពេលប្រមាណ៨ខែមកនេះ ដែលឈានដល់១.៩៤២,៥០ដុល្លារក្នុងមួយកាក់ ដោយឡើងថ្លៃ០,៧៥% បើធៀបនឹងការហក់ឡើងថ្លៃលើកចុងក្រោយ ដែលមានតម្លៃ១.៩២៥,៨០ដុល្លារ ក្នុងមួយកាក់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here