កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២២ពីវិនិយោគិនឥណ្ឌូនេស៊ី ជាមួយទឹកប្រាក់៦៩លានដុល្លារ

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជាបានទទួលបានគម្រោង វិនិយោគចំនួន២២ ដែលមានតម្លៃ៦៩លានដុល្លារ ពីវិនិយោគិនឥណ្ឌូនេស៊ី ក្នុងវិស័យផ្សេងៗ រួមមានវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។

គណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (ICCI) ក៏បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំក្នុងន័យនេះ ធ្វើឡើងរវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា Rasjid បានមានប្រសាសន៍ថា ICCI នឹងលើកទឹកចិត្ត្តដល់អ្នកធុរកិច្ចឥណ្ឌូនេស៊ី ឱ្យមកបណ្តាក់ទុននៅកម្ពុជា តាមរយៈការវិនិយោគផ្ទាល់ពីបរទេស ការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនក្នុងស្រុក ឬភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។

លោក​ក៏បាន​ជំរុញ ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើការ​រួម​គ្នា​ ក្នុង​ការ​រៀបចំ​វេទិកា ASEAN-BAC ឆ្នាំ​២០២៣ផងដែរ។

លោក សុខ ចិន្តាសោភា និងលោក Rasjid ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេរភាគី ក្នុងវិស័យឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សុខភាព សន្តិសុខស្បៀង ពាណិជ្ជកម្ម និងការសម្របសម្រួលការវិនិយោគ។

លោក សុខ ចិន្តាសោភា បានបន្តថា “ភាពជាកណ្តាលរបស់អាស៊ាន គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិ​បត្តិការជាមួយដៃគូ និងប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ដែលអាចជួយឱ្យអាស៊ានដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន និងសម្រេចបានសមិទ្ធិផលជាច្រើន”។

លោកអះអាងថា ការរួបរួមនឹងជួយពន្លឿន ការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលមានគោលបំណងប្រែក្លា​យអាស៊ានទៅជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់ពិភពលោក”។

លោក សុខ ចិន្តាសោភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ICCI ថាជាការឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដោយផ្តោតលើការវិនិយោគ និងការជំរុញពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here