រដ្ឋមន្រ្តីពាណិជ្ជកម្មផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ដល់ ក្រុមហ៊ុនCP

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់។

ដំណើរចុះសិក្សាស្វែងយល់នេះ បានធ្វើកាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដោយលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក WITTAYA Kreangkriwit នាយកក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់, លោក PAITOON Wongkatawethin នាយករងក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបបានចូលរួមផងដែរ។

នាឱកាសទស្សនកិច្ចនេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាសន្ទនាជាមួយមន្រ្តីពាក់ព័ន្ឋ អំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំ នូវថ្លៃទំនិញសាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ស្តីពី ស្តុកសន្និធិស្បៀងត្រៀមបម្រុង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ ប្រចាំជីវភាពដែលបានប្រមូលពីទីផ្សាររាជធានី-ខេត្ត។

អង្គប្រជុំបានពិភាក្សាពីសក្តានុពល នៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភី ក្នុងការធ្វើឱ្យមានតុល្យភាព នៃសេចក្តីត្រូវការនៃផលិតផលសាច់ជ្រូក ក្នុងស្រុកជាមួយផលិតកម្មក្នុងស្រុក ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រមូ​លទិញកសិផលមួយចំនួន សម្រាប់ធ្វើជាចំណីសត្វ ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុន នូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន ទី១ បង្កើនវិសា​លភាព នៃការប្រមូលទិញជ្រូក ពីកសិដ្ឋានក្នុងស្រុក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។ ទី២បន្តចូលរួមយ៉ាងសកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើនវិសាលភាព នៃការប្រមូលទិញធាតុចូល កសិកម្មរបស់កសិករក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វផ្សេងៗ។

ទី៣ បង្កើនគុណភាពចំណីសត្វ ឱ្យស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការកែទម្រង់ ផលិតកម្មសត្វក្នុងស្រុក ឱ្យមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ ពិសេសបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកនៅពេលពួកគេ ប្រើប្រាស់ចំណីសត្វដែលមានគុណភាព និងតម្លៃសមរម្យ ដែលអាចពង្រីកលទ្ធភាពនៃការជ្រៀតចូលទីផ្សារក្នុងនិងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយ និងមានចីរភាព។

ទី៤ បង្កើនសហប្រតិបត្តិការ ឱ្យបានពេញលេញជាមួយមន្ទីរពាណិជ្ជកម្មនៅតាមខេត្តគោលដៅ ដើម្បីរៀបចំផែនការប្រមូលទិញធាតុចូលកសិកម្មសម្រាប់ចំណីសត្វ ព្រមទាំងតាមដាន និងទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃនៃផលិតផលកសិកម្មនានា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here