កម្ពុជាស្នើទីម័រខាងកើតពិនិត្យលទ្ធភាពក្នុងការតភ្ជាប់ជើងហោះហើរត្រង់ដើម្បីជំរុញពាណិជ្ជកម្មនិងទេសចរ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត លោក សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យទីម័រឡេស្ត ភ្ជាប់ជើងហោះហើរត្រង់រវាងគ្នាដើម្បីបង្កើតការធ្វើពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។

ក្នុងជំនួបដែលធ្វើឡើងនៅឯប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២២មីនា លោក ប៉ាន សូរស័ក្តិរដ្ឋមន្រ្ដីពាណិជ្ជកម្មកម្ពុជា បានថ្លែងអបអរសាទរ និងសម្តែងការស្វាគមន៍ជូនចំពោះ  រដ្ឋមន្រ្តីទេសចរណ៍ ពា​ណិ​ជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្ត ក្នុងឱកាសដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ត្រូវបានអនុញ្ញាតជាគោលការណ៍ដោ​យថ្នាក់ដឹកនាំកំពូល​អាស៊ាន ឱ្យចូលជាសមាជិកសង្កេតការណ៍ក្នុងអាស៊ាន។

លោកបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ នៃវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការចូលរួមលើកកម្ពស់ការអភិឌ្ឍសេដ្ឋកិច្ច សង្គម និងការបង្កើនការរីកចម្រើនលើវិស័យសំខាន់ៗ ជាពិសេសការចូលរួមជំរុញ   ការវិនិយោគ និងពាណិជ្ជកម្ម ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានស្នើឱ្យសភាពាណិជ្ជកម្ម នៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្គូរផ្គងពាណិជ្ជកម្មនិងវិនិយោគ ការចូលរួមជាក្រុមហ៊ុនភាគទុនរួម  (Joint Venture) ក៏ដូចជា ពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្ន អនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់ សំដៅអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

លោក Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីម័រឡេស្ត បានថ្លែងអំណរគុណយ៉ងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញ ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ បានជាសមាជិកសង្គេតការ និងគាំទ្រដល់ដំណើរការចូលជាសមាជិកអាស៊ាន និងជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក (WTO)។

 

លោកបានជម្រាបជូនថា នឹងពន្លឿន និងជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា ពាក់ព័ន្ធពាណិជ្ជកម្មអង្ករឱ្យបានពេញលេញ ដោយគូសបញ្ជាក់អំពីសក្តានុពល នៃអង្ករកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកបានយល់ស្របផងដែរថា វិស័យឯកជនពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេ​ស ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោកបានជម្រាបជូនថា នឹងជំរុញឱ្យមានជំនួបរវាងសភាពាណិ​ជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរ ទស្សនកិច្ច ដើម្បីពិនិត្យលទ្ធភាពបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យមានសក្តានុពលនានា។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here