រដ្ឋមន្ត្រីកសិកម្ម ជម្រុញការស្រាវជ្រាវដើម្បីកាត់បន្ថយចំណាយ និងបង្កើនផលចំណេញ

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ លោករដ្ឋមន្រ្តីកសិកម្ម ឌិត ទីណាបានជម្រុញឲ្យមន្រ្តី ពង្រីកការស្រាវជ្រាវ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនផលចំណេញ។

លោកឌិត ទីណាបានមានប្រសាសន៍ក្នុងពីធីបើកសន្និបាតនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា សន្និបាត គឺជាការចូលរួមសមូហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែជាការបូកសរុបនោះទេ។ការបូកសរុបទៀតសោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យ​ល់​បាន និងចាំបាន ដោយឱ្យសាធារណជនដឹង ពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តណែនាំឲ្យក្រុមមន្រ្តី យកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ដោយក្នុងនោះត្រូវផ្តោត លើការអភិវឌ្ឍធនធានទាំងក្នុង និងក្រៅក្រសួង ដើម្បីទទួលបានធនធានប្រកប​ ដោយ​សក្តា​នុពលពិតប្រាកដ។

ជាមួយគ្នានេះដែរ លោកឌិត ទីណាបានជម្រុញឲ្យមន្រ្តី ត្រូវជំរុញការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដោយត្រូវគិតពីការបន្ថយចំណាយ បង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណ តែគិតពីគុណភាពជាសំខាន់។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍ និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អ ក្នុងខ្សែច្រវាក់ផលិតកម្ម តាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់ តាមកិច្ចសន្យា។ ការងារនេះ ក៏នឹងជួយដល់កសិករដែលមិនទាន់មានទីផ្សារ គ្មានខ្សែបណ្តាញផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “គោលនយោបាយកសិកម្ម នឹងជួយឱ្យវិស័យឯកជន ដឹងពីអ្វីដែលត្រូវធ្វើ ត្រូវវិនិយោគ ហើយសម្រាប់មន្ត្រីដឹងពីផែនការដែលត្រូវអនុវត្ត និងគោលដៅត្រូវសម្រេច”។លោកបន្តថា “បន្ថែមពីលើនេះទៀត ត្រូវពិនិត្យលើការផ្តល់សេវាសាធារណៈ ដល់ក្រុមអ្នកផលិត ដោយបង្កលក្ខណៈងាយស្រួល និងគាំទ្រក្នុងការជំរុញការនាំចេញ ស្របតាមគោលនយោបាយ និងស្ថានភាពជាក់ស្តែង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here