តម្លៃដំឡូងមីស្រស់កើនឡើងនៅដើមឆ្នាំនេះ

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកសួស សេរីសួស្តី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះបានលើកឡើងថា តម្លៃដំឡូងមីស្រស់នៅឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុន។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្រោមអធិបតីភាពលោករាជ រ៉ា រដ្ឋលេខា​ធិការក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” នៅខេត្តក្រចេះ។

លោកសួស សេរីសួស្តីបានបង្ហាញពីលទ្ធផលការងាររបស់ខេត្តដែលបានអនុវត្តកន្លងមក លើកិច្ចការងារអនុវត្តគោលនយោបាយនេះ រួមមាន ទី១ ការចុះចងក្រងក្រុមផលិតដំឡូងមីបានចំនួន៤០ក្រុម មានសមាជិក២.៥២២គ្រួសារ ដើម្បីរួមសហការអនុវត្តខ្សែច្រវាក់ផលិតកម្មដំឡូងមី ឲ្យមានភាពល្អប្រសើរឡើង ទី២ បានផ្សព្វផ្សាយបច្ចេកទេសពីការទុកដាក់ពូជ ការប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ និងកាចុះត្រួតពិនិត្យកត្តាចង្រៃ លើដំណាំពូជដំឡូងមីតាមរដូវ ទី៣ បើកវគ្គផ្សព្វផ្សាយបច្ចេកទេស ដំណាំដំឡូងមីបានចំនួន១៤វគ្គ និងបានសម្របសម្រួលចុះកិច្ចសន្យា ទិញលក់ដំឡូងមី រវាងក្រុមកសិករផលិត និងឈ្មួញប្រមូលទិញបានចំនួន៣៤កិច្ចសន្យា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលាការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោ​បា​យជាតិនេះ មិនត្រឹមតែមានគោលបំណងបញ្ជ្រាបបន្ថែម ដល់តួអង្គពាក់ព័ន្ធក្នុងវិស័យដំឡូងមីប៉ុណ្ណោះទេ តែថែមទាំងស្វែងយល់ពីកាលានុវត្តភាពទីផ្សារ និងសិក្សាពីបញ្ហាប្រឈមនានា សំដៅលើកស្ទួយវិស័យដំឡូងមីកម្ពុជា ឱ្យមានសន្ទុះកាន់តែប្រសើរឡើង និងឈានទៅចាប់ការប្រកួតប្រជែងបន្ថែមទៀតនៅទីផ្សារក្រៅស្រុក។

បន្ថែមលើសពីនេះទៀត សិក្ខាកាមទាំងអស់ ក៏ទទួលបានព័ត៌​មាននិង​ចំណេះដឹងបន្ថែម ទៅលើបច្ចេកទេសថ្មីៗនៃការលើកកម្ពស់ផលិតភាពដំឡូងមី បទដ្ឋានបច្ចេកទេសស្ដង់ដារជាតិ នៃគុណភាពចំណិតដំឡូងមីក្នុងការនាំចេញ នីតិវិធីនៃការនាំចេញនាំចូល និងកិច្ចជំរុញពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់ឧបករណ៍សផ្សេងៗ ក៏ដូចជាការបង្ហាញពីឱកាស និងបញ្ហាប្រឈមដែលកើតមាន ក្នុងខ្សែច្រវាក់ផលិតកម្មផងដែរ។

 

 

លោករាជ រ៉ា បានលើកឡើងថា ក្រសួងពាណិជ្ជកម្មគឺជា​លេខាធិការដ្ឋាន នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តគោលនយោបាយ​ជាតិ​ស្តីពីដំឡូងមី ២០២០-២០២៥។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ​យន្តការអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា និងកិច្ចសហការស៊ីជម្រៅជាកត្តា ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយនេះ ឱ្យទទួលបានជោគជ័យ ដោយឆ្លុះបញ្ចាំងតាមរយៈការកំណត់នូវក្របខណ្ឌស្ថាប័នដែលបានកំណត់ក្នុងគោលនយោបាយនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនដែរថា ក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានដឹកនាំចូលរួមចរចា និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដោយសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដែលបានចូលជាធរមានក្នុងឆ្នាំ២០២២ រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

លោកបន្ថែមថា ក្នុងរយៈពេល ១០ខែ ចុងក្រោយក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងប្រទេសវៀតណាម។ តម្លៃដំឡូងមីក្នុងដើមឆ្នាំ២០២៣៖ ដំឡូងមីស្រស់ ចន្លោះពី៣០០-៥០០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៨០០-៩០០ រៀល/គីឡូ។ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here