សម្តេចតេជោចង់ប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទី ស្របពេលទទិន្នផលកម្ពុជាផលិតបានច្រើនជាងគេ

  ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេស ដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។

សម្តេចតេជោហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសម្តេចតេជោ ​អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍​សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំចង់ធ្វើឱ្យប្រទេ​សកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ព្រោះឥលូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ”។ សម្តេចបន្តថា “ខ្ញុំមើលពិព័រណ៌ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រមានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន”។

សម្តេចបញ្ជាក់ទៀតថា នេះមិនទាន់គិតអាដែងកំពុងលូតលាស់ឡើង​ ដែលមានប្រមាណ៧០ម៉ឺនហិកតា។ អីចឹងថ្ងៃក្រោយទៅប្រសិនជាថា ស្វាយចន្ទីនេះវាកាត់កង អានេះចែកតាមទីផ្សារនៅលើពិភពលោកតែម្តង ប្រទេសណាក៏ត្រូវការ ជាពិសេសក្នុងវិស័យទេសចរណ៍ហ្នឹង ត្រូវការគ្រាប់ស្វាយចន្ទី

ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋនៅខេត្តពោធិ៍​សាត់នេះដែរ សម្តេចតេជោ បានជំរុញឱ្យពលរដ្ឋក្នុងខេត្តនេះ ​ដាំស្វាយចន្ទី​ ​ដែលជាដំណាំយុទ្ធសាស្រ្តនេះផងដែរ។

យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណជាង៧០ម៉ឺនហិកតា និងផ្តល់ចំណូលជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន១,១៨០,០០០តោន ​ស្មើនឹង២៤នៃការផលិតសរុប ប្រទេសកូតឌីវ័រផលិតបាន១,១០០, ០០០តោន ​ស្មើនឹង២២%នៃការផលិតសរុប ,ប្រទេសឥណ្ឌាផលិតបាន ៨០០,០០០តោន ​ស្មើនឹង១៦%នៃការផលិតសរុប ប្រទេសវៀតណាម ផលិតបានប្រមាណ៣៩៩,០០០ ​ស្មើនឹង៨%នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត មានប្រមាណ១,៥២៣,២២២តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here