លំហូរនៃវិនិយោគិនបរទេសនឹងចូលមកកម្ពុជាកាន់តែច្រើនក្រោយការដកកម្ពុជាចេញពីបញ្ជីប្រផេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមជំនាញផ្នែកហិរញ្ញវត្ថុ និងឯកជន បានអះអាងថា ការដកកម្ពុជាចេញនាពេលថ្មីៗនេះ ពីបញ្ជីពណ៌ប្រផេះនៃការលាងលុយកខ្វក់ ដោយក្រុមការងារកិច្ចការហិរញ្ញវត្ថុ (FATF) គឺជាភាពចាំបាច់ទាំងស្រុង សម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ហើយវានឹងជួយបង្កើននិងទាក់ទាញទំនុកចិត្ត របស់វិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា។

លោកអ៊ិន ចាន់នី ប្រធាន និង​ជា​នាយក​គ្រប់​គ្រង​ធនាគារ​អេស៊ីលីដា បានមាន​ប្រសាសន៍​ថា “ចំណាត់​ការ​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​នោះ ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា”។ លោកបន្ថែមថា “ការចាកចេញពីបញ្ជីពណ៌ប្រផេះមិនត្រឹមតែលើកកំពស់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគពីបរទេស និងជួយសម្រួលដល់ពាណិជ្ជកម្មរបស់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិលើគ្រប់វិស័យផងដែរ”។

ជាមួយគ្នានេះ លោកកាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានប្រសាសន៍ថា “វាជារឿងល្អ និងសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ព្រោះវានឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់វិនិយោគិនបរទេស ដែលត្រូវការផ្ទេរប្រាក់ទៅកាន់ប្រទេសកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​អះអាង​ថា គោល​នយោបាយ​របស់​កម្ពុជា ​គឺ​បើក​ចំហ​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​បរទេស ប៉ុន្តែជាអកុសលនៅឆ្នាំ២០១៩ ប្រទេសនេះត្រូវបានដាក់ក្នុងបញ្ជីពណ៌ប្រផេះ ដែលធ្វើឱ្យវិនិយោគិនបរទេសប្រឈមនឹងការលំបាកមួយចំនួន។

ទោះជាយ៉ាង​ណា​ក្តី ចាប់​ពី​ពេល​នេះ​ទៅ​លំហូរវិនិយោគ​បរទេស​នៅ​កម្ពុជា​គួរ​តែ​ប្រសើរ​ឡើង។

ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា “វិស័យឯកជនមានការរីករាយយ៉ាងខ្លាំង ចំពោះការដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ ដោយសារអ្នកធុរកិច្ច ក៏មានការព្រួយបារម្ភអំពីបញ្ហានេះផងដែរ”។

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាជាអ្នកនាំចេញដ៏សំខាន់ ជាពិសេសផលិតផលកសិកម្មសម្រាប់កែច្នៃ ខណៈការនាំចូលក៏មានកម្រិតខ្ពស់ផងដែរ ដូច្នេះហើយយើងមានប្រតិ​បត្តិការទូទាត់ប្រាក់ជាច្រើន រវាងវិនិយោគិនក្នុងស្រុក និងបរទេសជាប្រាក់ដុល្លារ។

លោកបានបន្ថែមថា “វាក៏ជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកវិនិយោគ ហើយវានឹងផ្តល់ឱ្យពួកគេនូវទំនុកចិត្ត និងភាពងាយស្រួលក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ”។

ចំណែកលោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា “នៅពេលដែលប្រទេសកម្ពុជាស្ថិតក្នុងបញ្ជីពណ៌ប្រផេះ វាបានធ្វើឱ្យវិនិយោគិនបរទេសស្ទាក់​ស្ទើរចិត្ត ដើម្បីមកបណ្តាក់ទុននៅកម្ពុជា ពីព្រោះពួកគេខ្លាចការរឹតបន្តឹងពាណិជ្ជកម្ម និងដំណើរការពិបាក សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ”។

លោក​បណ្ឌិតបង្ហាញនូវការជឿជាក់​ថា “ការ​ដក​ប្រទេស​កម្ពុជា​ចេញ​ពី​បញ្ជី​ប្រផេះ ​នឹង​ធ្វើ​ឱ្យ​កម្ពុជាកាន់តែ​មានភាពទាក់ទាញ ​ដល់ក្រុមវិនិយោគិនបរទេស ​ដែល​មាន​បំណង​ចង់​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here