ដោយៈលក្ខិណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាប៉ាន់ស្មានថា នឹងត្រូវការទឹកប្រាក់ប្រមាណ២៣,៥ពាន់លានដុល្លារអាមេរិក នៅក្នុងផែនការអភិវឌ្ឍជាតិឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ខុសពីអាណត្តិមុន ដែលកម្ពុជាវិនិយោគអស់ទឹកប្រាក់ តែ៧៦០០លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលទំហំនេះបានកើនឡើងជិត៣ដង។
នេះបើតាមលោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
លោកមានប្រសាសន៍បន្តថា កម្មវិធីវិនិយោគសាធារណៈ ក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ត្រូវការប្រមាណ១៤,៤៨ពាន់លានដុល្លារអាមេរិក ហើយសម្រាប់កម្មវិធីវិនិយោគសាធារណៈដែលទើបអនុម័តដោយគណៈរដ្ឋមន្ត្រីថ្មីៗនេះ មានចំនួន១២,៧៩ពាន់លានដុល្លារអាមេរិក ឆ្នាំតែឆ្នាំ២០២០ ។
លោកបានថ្លែងថា “មុននឹងធ្វើអ្វីមួយ រដ្ឋាភិបាលត្រូវការធ្វើវិភាជន៍ជាមុនសិន ទើបអាចធ្វើឱ្យផែនការយុទ្ធសាស្ត្រទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយបើសិនជាមិនមានការវិភាជន៍ឱ្យបានត្រឹមត្រូវទេនោះ វាប្រៀបដូចជាបាចអំបិលទៅក្នុងទឹកសមុទ្រអញ្ចឹង” ។
លោកបានបន្តថា ចាប់តាំងពីប្រទេសកម្ពុជា បានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប បណ្ដាប្រទេសម្ចាស់ជំនួយមួយចំនួនកាលពីមុននោះ ក៏បានកាត់បន្ថយការផ្ដល់មកកម្ពុជា ហើយបង្វែរទៅប្រទេសដែលក្រីក្រជាងកម្ពុជា ។
លោកបានឱ្យដឹងទៀតថា បញ្ហានេះមិនមានអ្វីប្លែក ហើយកម្ពុជាមិនខុសអ្វីនោះទេ គឺជាធម្មតាក្នុងលក្ខខណ្ឌពិភពលោក នៅពេលប្រទេសនោះរួចផុតពីក្រីក្រ គេនឹងលែងផ្ដល់ជំនួយមកទៀតហើយ ព្រោះគេគិតថាប្រទេសនោះអាចចិញ្ចឹមខ្លួនឯងបាន។ វាមិនខុសពីអ្វីកូនក្មេងកាលពីតូច ត្រូវការតែបៅដោះម្ដាយមួយមុខ នៅពេលគាត់ធំបន្តិចគឺត្រូវការចំណីអាហារក្រៅពីការបំបៅដោះនោះឡើយ ។
លោកបន្ថែមថា ដើម្បីបង្កើនចំណូលសម្រាប់វិនិយោគសាធារណៈផ្សេងៗ រាជរដ្ឋាភិបាលត្រូវការកៀងគរប្រភពទុនពីក្នុង និងខាងក្រៅ ដើម្បីវិនិយោគរកផលចំណេញទុកវិនិយោគបន្តទៀត ក្នុងពេលដែលជំនួយមួយចំនួនត្រូវកាត់ផ្ដាច់ ដូចជាជំនួយក្រោមគម្រោងកម្មវិធីមួយចំនួនជាដើម ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កម្ពុជាបានចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទំហំទឹកប្រាក់ច្រើនជាងគេមួយ ក្នុងចំណោមសមិទ្ធផលដទៃទៀត ។ ក្នុងនោះមានទាំងប្រាក់កម្ចីបរទេស ទឹកប្រាក់ពីក្នុងស្រុកផងដែរ៕