ក្រុមហ៊ុនខ្នាតយក្សFoxconn គ្រោងពង្រីករោងចក្រផលិតទូរសព្ទ iPhoneថ្មីទៅក្នុងទីផ្សារឥណ្ឌា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Foxconn គ្រោងពង្រីកវត្តមានផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃការជំរុញ ដើម្បីធ្វើពិពិធកម្មផលិតកម្មចេញពីប្រទេសចិន ស្របពេលមានភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

គណៈប្រតិភូដឹកនាំដោយប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនគឺ លោក Young Liu បានអញ្ជើញទៅទស្សនារដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌាចំនួន២គឺ រដ្ឋTelangana និងរដ្ឋKarnataka ក្នុងសប្តាហ៍នេះ ដើម្បីកំណត់ទីតាំងសម្រាប់កន្លែងផលិតថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Basavaraj Bommai ប្រធានរដ្ឋ Karnataka និងលោក Rajeev Chandrasekhar អនុរដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិកនិងបច្ចេកវិទ្យា បានថ្លែងនៅក្នុងបណ្តាញសង្គម Twitter ដាច់ដោយឡែកពីគ្នាថា “ក្រុមហ៊ុន Foxconn គ្រោងនឹងបង្កើតរោងចក្រផលិត iPhone នៅជាយក្រុង Bengaluru ឬហៅថា Silicon Valley នៃប្រទេសឥណ្ឌា”។

លោក Chandrasekhar បានថ្លែងនៅក្នុងបណ្តាញ Twitter ថា “ទូរស័ព្ទដៃ Apple នឹងត្រូវបានផលិតនៅក្នុងរោងចក្រទំហំ៣០០ហិកតាថ្មី នៅរដ្ឋ Karnataka ខណៈដែលលោក Bommai បានអះអាងថា ក្រៅពីបង្កើតការងារបាន១០០.០០០ វាក៏នឹងបង្កើតឱកាសជាច្រើន សម្រាប់រដ្ឋKarnatakaផងដែរ”។

គណៈប្រតិភូរបស់ក្រុមហ៊ុន Foxconn បានទៅទស្សនាទីតាំងដីទំហំ៣០០ហិកតានេះ ដែលមានចម្ងាយតិចជាង៥០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលរដ្ឋ ដែលបដិសេធសុំមិនបញ្ចេញអត្តសញ្ញាណ។

ក្រុមហ៊ុន Foxconn ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Hon Hai Precision Industry អាចនឹងបោះទុនវិនិយោគជាង៥០០លានដុល្លារ នៅក្នុងរោងចក្រនៅរដ្ឋ Karnataka។

ផែនការរបស់ក្រុមហ៊ុន Foxconn ក្នុងការពង្រីកសមត្ថភាពផលិតកម្ម នៅក្នុងប្រទេសឥណ្ឌាបានកើតឡើង បន្ទាប់ពីផលិតកម្មនៅរោងចក្រ Zhengzhou នៅក្នុងប្រទេសចិនបានដាំក្បាលចុះ ចំពេលមានការរំខានដោយសារវិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here