ការស៊ើបអង្កេត៖ លោក Trump រក្សាគណនីធនាគារនៅចិន ដើម្បីស្វែងរកឱកាសវិនិយោគនៅទីនោះ

ដោយ៖ ឆយ តូច

អន្តរជាតិ៖ សារព័ត៌មានញូវយ៉កថែមស៍បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ (Donald Trump) មានគណនីធនាគារមួយនៅចិន ហើយបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្វែងរកគម្រោងអាជីវកម្មនៅក្នុងប្រទេសនេះ។
គណនីធនាគារនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារអន្តរជាតិ Trump និងបានបង់ពន្ធក្នុងស្រុកចន្លោះឆ្នាំ ២០១៣ និង២០១៥។

គណនីនេះត្រូវបានបង្កើតឡើង ដើម្បី “ស្វែងរកសក្តានុពលសម្រាប់ការវិនិយោគលើសណ្ឋាគារនៅអាស៊ី” នេះបើយោងតាមអ្នកនាំពាក្យរបស់ Trump ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Trump បានរិះគន់ក្រុមហ៊ុនអាមេរិកដែលធ្វើជំនួញនៅប្រទេសចិន និងបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ។

កាសែតញូវយ៉កថែមស៍ក៏បានបង្ហាញពីគណនីនេះ បន្ទាប់ពីទទួលបានកំណត់ត្រាពន្ធរបស់លោក Trump ដែលរួមមានទាំងព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន និងក្រុមហ៊ុន។

របាយការណ៍មុនរបស់កាសែតបានបង្ហាញថា លោកបានបង់ពន្ធចំនួន ៧៥០ ដុល្លារ ក្នុងពន្ធសហព័ន្ធនៅឆ្នាំ ២០១៦ និង ២០១៧ នៅពេលលោកក្លាយជាប្រធានាធិបតី។

គណនីធនាគារនៅចិននេះ ក៏បានបង់ពន្ធក្នុងស្រុកចំនួន ១៨៨.៥៦១ ដុល្លារ។

សេចក្តីរាយការណ៍របស់កាសែតញូវយ៉កថែមស៍ បានលម្អិតអំពីរបៀបដែលលោក Trump កំពុងព្យាយាមស្វែងរកការវិនិយោគនៅប្រទេសចិន។ កិច្ចខិតខំប្រឹងប្រែងរបស់លោក បានធ្វើឡើងក្នុងឆ្នាំ ២០១២ ដោយមានការបើកការិយាល័យសៀងហៃ។

កំណត់ត្រាពន្ធ ដែលទទួលបានបង្ហាញថា លោកបានវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ចំនួន ១៩២.០០០ ដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុនតូចៗចំនួន ៥ ដែលត្រូវបានបង្កើតជាពិសេស ដើម្បីស្វែងរកគម្រោងនៅក្នុងប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំ។

ប៉ុន្តែផែនការរបស់ប្រធានាធិបតីអាមេរិកនៅប្រទេសចិនភាគច្រើនត្រូវបានជំរុញ ដោយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារអន្តរជាតិ Trump តាមរយៈភាពជាម្ចាស់ដោយផ្ទាល់នៃក្រុមហ៊ុន THC China Development។ នេះបើយោងតាមកាសែតញូវយ៉កថាមស៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here