រដ្ឋមន្រ្តីកសិកម្មៈការអភិវឌ្ឍផ្នែកឌីជីថលនឹងជួយធានាបាននូវផលិតភាពនិងទីផ្សារកសិផល

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ការអភិវឌ្ឍផ្នែកឌីជីថល ក្នុងវិស័យកសិកម្ម នឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារ ព្រោះថា ព័ត៌មានផ្នែកឌីជីថល នឹងជួយបានយ៉ាងច្រើនសម្រាប់កសិកម្ម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកឌិត ទីណា ចូលរួមបើកសិក្ខាសាលាស្តីពី ការប្រកាសចាប់ផ្តើមអនុវត្តន៍ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឌិត ទីណា បានបញ្ជាក់ថា “ការអភិវឌ្ឍខាងផ្នែកព័ត៌មានវិទ្យា ដែលសព្វថ្ងៃនេះ យើងក្លាយជាសង្គមឌីជីថល ហើយចំណែកកសិកម្ម ក៏ត្រូវការឌីជីថល ដែលអាចធ្វើឲ្យការធានា នូវផលិតភាព និងទីផ្សារ ជាពិសេសព័ត៌មាន ដែលផ្នែកឌីជីថល នឹងជួយបានយ៉ាងច្រើន

លោករដ្ឋមន្រ្តី ក៏បានប្រាប់មន្រ្តីឲ្យត្រូវគិតគូរ លើការប្រើប្រាស់នូវប     ច្ចេកវិទ្យា ក្នុងវិស័យកសិកម្មទំនើប (Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ (Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ក្នុងការកាត់បន្ថយការចំណាយ។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានលើកឡើងថា ផ្នែកព័ត៌មានវិទ្យា គឺមានការលូតលាស់ខ្លាំង ដែលយើងអាចយកស្ថានភាពនេះ មកធ្វើជាធនធានសម្រាប់ជំរុញ ឲ្យការធ្វើកសិកម្មឆ្លាតវៃ ឲ្យកាន់តែខ្ពស់ឡើង។

រដ្ឋមន្ត្រីកសិកម្ម ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលបានរួមចំណែកជួយរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករ ចាកចេញពីភាពក្រីក្រ។

លោករដ្ឋមន្ត្រីឌិត ទីណាបានបន្តថា គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដោយមិនត្រូវបន្តឲ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ ហើយគោលនយោ​បាយនេះ រំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។

ជាមួយគ្នានេះ លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT បានឲ្យដឹងថា កម្មវិធីនេះ ប្រើរយៈពេល ៧ឆ្នាំ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ ក្នុងគោលបំណង ដើម្បីជំរុញបង្កើតផលិតកម្មកសិកម្ម ហើយធ្វើឲ្យកសិផល ដែលចេះតែកើនបរិមាណ គុណភាព អាចលក់បានមិនចាស់ទីផ្សារ និងបានថ្លៃសមរម្យទាំងនៅក្នុងស្រុក និងក្រៅប្រទេស។

គោលបំណង នៃសិក្ខាសាលាខាងលើនេះ ដើម្បីប្រកាសជាផ្លូវការ អំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគី ពាក់ព័ន្ធទាំងអស់ ពិភាក្សា និងបញ្ជា​ក់ពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែន​ការសកម្មភាព និងថវិកាឆ្នាំ២០២៣។

គម្រោងនេះ មានរយៈពេល៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here