អ្នកជំនាញ: មិនយូរមិនឆាប់ កម្ពុជាអាចនឹងដណ្តើមចំណែកទីផ្សារផលិតផលកសិកម្មរបស់វៀតណាម

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា កម្ពុជាមានការប្រកួតប្រជែងខ្លាំងលើផលិតផលកសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយផលិតផលកសិកម្មរបស់កម្ពុជាផ្តល់ទិន្នផលខ្ពស់ ហើយគុណភាពក៏កំពុងត្រូវបានកែលម្អយ៉ាងឆាប់រហ័សផងដែរ។

ក្រុមអ្នកជំនាញកសិកម្មបានលើកឡើងថា “វាជាគុណសម្បត្តិ ដែលកសិករខ្មែរប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតិចតួចបំផុត ហើយគ្រាប់ពូជល្អ បូករួមទាំងដីមានជីជាតិ ដូច្នេះហើយផលិតផលកសិកម្មខ្មែរមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានគុណភាពល្អទៀតផង”។

ជាងនេះទៅទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីវកម្មវៀតណាមជាច្រើនបានវិនិយោគលើការអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ដោយសារមូលនិធិដីកសិកម្មរបស់ប្រទេសនេះនៅតែមានច្រើន ខណៈការជួលដី និងតម្លៃពលកម្មរបស់កម្ពុជាមានតម្លៃទាបជាងនៅប្រទេសវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនទាំងនោះនាំយកផលិតផលរបស់ពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញដើម្បីលក់ ដែលបណ្តាលឱ្យមានការកើនឡើងនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសនេះយ៉ាងឆាប់រហ័ស។

ជាមួយនឹងគោលនយោបាយរបស់កម្ពុជាដែលសង្កត់ធ្ងន់លើការផលិតទំនិញកសិកម្ម ដែលមានគុណភាពខ្ពស់ ផលិតផលកម្ពុជាក៏ក្លាយជាដៃគូប្រកួតប្រជែងជាមួយទំនិញវៀតណាមនៅលើទីផ្សារអន្តរជាតិផងដែរ។

ជាឧទាហរណ៍ ទោះបីជាដើរពីក្រោយប្រទេសវៀតណាមយ៉ាងណាក្តី ប៉ុន្តែកម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់អង្ករធំជាងគេទី៤ទៅកាន់អឺរ៉ុបយ៉ាងឆាប់រហ័ស ដែលជាទីផ្សារដ៏មានតម្លៃថ្លៃបំផុត និងលឿនបំផុតរបស់ពិភពលោក។

ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ខណៈការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារចិនបានធ្លាក់ចុះយ៉ាងខ្លាំង។  ចំណែកផលិតផលផ្លែឈើកម្ពុជាជាច្រើនក៏បានទទួលទិដ្ឋាការដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

បើតាមយោងតាមអ្នកជំនាញបានឱ្យដឹងថា កម្ពុជាមិនត្រឹមតែដើរក្នុងទិសដៅត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងសម្របខ្លួនបានយ៉ាងលឿនផងដែរ ដូច្នេះហើយការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងល្អប្រសើរ។

ប្រសិនបើវៀតណាមមិនផ្លាស់ប្តូរការគិត ក៏ដូចជាវិធីសាស្រ្តរបស់ខ្លួនចំពោះទីផ្សារ និងគោលនយោបាយបង្កើតម៉ាកយីហោ នោះមិនយូរមិនឆាប់ ចំណែកទីផ្សាររបស់វៀតណាមនឹងត្រូវបានគ្រប់គ្រងដោយកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here