ទុរេនកំពតទទួលផលបានប្រមាណ២ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈផលិតផលនេះនៅតែមានតម្លៃខ្ពស់

 ដោយៈ លក្ខិណា

ភ្នំពេញៈ ទុរេនកំពតជាទំនិញយុទ្ធសាស្ត្រមួយ និងជាផលិតផលសម្គា​ល់ភូមិសាស្ត្រមួយរបស់ខេត្តកំពត និងជាផ្លែឈើដែលមានការទទួលស្គាល់ស្តង់ដារជាតិផងដែរ។

ក្នុងមួយឆ្នាំផលិតផលនេះប្រចាំខេត្តកំពត អាចប្រមូលផលបានប្រមាណ២ម៉ឺនតោន ។ នេះបើតាមលោកម៉ៅ ធនិន្ទ អភិបាលខេត្តកំពតបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ។

លោកបានមានប្រសាសន៍ថា សព្វថ្ងៃនេះ ផ្ទៃដីដាំទុរេននៅក្នុងខេត្តកំពតមានចំនួន១៧០៦ហិចតា ក្នុងនោះផ្ទៃដីដែលទទួលផលបានមានចំនួនប្រមាណ១២៣៣ហិចតា បើគិតជាមធ្យមក្នុង១ហិចតា អាចទទួលផលប្រមាណ១៥តោន។ ដូច្នេះបើសរុបបរិមាណទិន្នផល ទទួលបានជិត២ម៉ឺនតោន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកម៉ៅ ធនិនបានបន្តថា បរិមាណដែលទទួលផលបានភាគច្រើនគឺត្រូវនាំចេញនៅនឹងកន្លែង ឬផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក។ សម្រាប់ការនាំចេ​ញទៅទីផ្សារអន្តរជាតិ គឺមានបរិមានតិចតួចប៉ុណ្ណោះ ។ ទន្ទឹមនឹងទុរេនកំពតមានការផ្គត់ផ្គង់បានប៉ុណ្ណេះក្ដី ក៏មានការនាំចូលពីទីផ្សារក្រៅប្រទេសដែរ ពីព្រោះថាតម្លៃរបស់ទុរេនកំពត និងទុរេននាំចូលមានភាពខុសគ្នា។ ទុរេនកំពតមានតម្លៃខ្ពស់ជាងទុរេននាំចូល និងទុរេនពីតំបន់ផ្សេងក្នុងប្រទេសកម្ពុជា ដូច្នេះអ្នកបរិភោគអាចមានជម្រើស ទិញទុរេនកំពតបរិភោគក៏បានឬក៏អាចទិញទុរេននាំចូលបរិភោគក៏បាន។

លោកបន្ថែមថា បច្ចុប្បន្នផលទុរេនកំពតដែលទទួលរាល់ឆ្នាំនេះ  នៅមិនទាន់ឆ្លើយតប នឹងតម្រូវការក្នុងស្រុកនៅឡើយទេ។ ដូច្នេះយើងមិនទាន់ហ៊ាននិយាយដល់ការនាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានច្រើននៅឡើយទេ។ យ៉ាងណាយើងនឹងជំរុញឱ្យមានការដាំដុះ បន្ថែមឱ្យបាន់តែច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុកនិងដើម្បីសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យអន្តរជាតិបានស្គាល់ពីផលិតផលទុរេនកំពត ។

អ្នកស្រីផន ណាសាង ម្ចាស់ចំការទុរេនមួយរូបនៅខេត្តកំពតបានឱ្យដឹងថា ទុរេនជាផ្លែឈើម្យ៉ាងដែលពិបាកថែរទាំ ក្នុងចំណោមផ្លែឈើហូបផ្លែដទៃទៀត ហើយត្រូវថែទាំតាំងពីចេញផ្ការហូតដល់ផ្លែទុំ។ ថ្វីត្បិតតែទុរេន លក់បានថ្លៃបន្តិចមែន ប៉ុន្តែការចំណាយទៅលើការថែទាំក៏អស់ច្រើនដែរ ។

អ្នកស្រីបន្តថា ក្នុងមួយឆ្នាំៗ ម្ចាស់ចំការខ្លះត្រូវខ្ចីបុលធនាគារ មកថែរទាំដោយជួលកម្មករ ដាក់ជី ស្រោចទឹកថែទាំ ទោះបីជាទុរេននោះហុចផលហើយក្ដីក៏ត្រូវតែថែទាំដែរ ។

អ្នកស្រីបន្តថា តម្លៃទុរេន ពេលណាអត់សូវសំបូរវាលក់បានថ្លៃបន្តិច តែបើសិនជាសំបូរ ឬក៏មានទុរេនពីតំបន់ផ្សេង ឬក៏ប្រទេសផ្សេងមកបន្លំច្រើនពេក ក៏ធ្វើឱ្យទុរេនកំពតធ្លាក់ថ្លៃដែរ។ អ្នកស្រីស្នើសុំអាជ្ញាធរទប់ស្កាត់ទុរេនពីតំបន់ផ្សេងមកបន្លំទុរេនកំពត ដើម្បីឱ្យម្ចាស់ចំការទុរេនកំពតអាចទទួលបានផលចំណេញខ្លះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here