ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចឆ្នាំ២០៣០ផ្តោតដូចម្តេចដើម្បីកម្ពុជាឈានទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចេញឯកសារ​ស្តីពី “ចក្ខុវិស័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ​២០៣០” ដែល​រៀបចំឡើង​សំដៅ​កសាង​ស្ថាប័ន ដើម្បី​អនុវត្ត​នូវ​បេសកកម្ម​របស់​ក្រសួង ​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​គោលដៅ​ធំៗ​ ដែល​បានកំណត់​ក្នុង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល។

​ក្រសួងនេះបានធ្វើការ​ផ្សព្វផ្សាយ ខណៈ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ចាត់ទុក​ឯកសារ​នេះ ​ជា​បង្គោល​ចរ​សំខាន់​ជួយ​ឱ្យ​កម្ពុជា ​សម្រេច​ក្តី​ប្រាថ្នា​ក្នុងការ​ក្លាយទៅជា​ប្រទេស​ មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​ ២០៣០​ខាងមុខ។​

ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ “ចក្ខុវិស័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ​ ២០៣០”​ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ឯកសារ “​ចក្ខុវិស័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ២០៣០”គឺជា​ចក្ខុវិស័យ​នៃ​ការកសាង​ស្ថាប័ន ​ឱ្យមាន​សមត្ថភាព​ពេញលេញ​ ដើម្បី​បំពេញបេសកកម្ម​សំដៅ​រួមចំណែក​ ជួយ​រាជរដ្ឋាភិបាល​ឱ្យ​សម្រេច ​គោលដៅ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​ ២០៣០​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វា​ជា​ឯកសារ​យុទ្ធសាស្ត្រ​រយៈពេល​វែង និង​ជា​សមិទ្ធផល​នៃ​ផែនការ​នីយកម្ម​យុទ្ធសាស្ត្រ​ថ្មី ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ ហើយនឹង​ត្រូវ​ប្រើប្រាស់​ ជា​ឯកសារ​គោល​របស់​ក្រសួង​ផងដែរ​”។​លោក​ថ្លែងថា “​ចក្ខុវិស័យ​ដែល​បានកំណត់​ក្នុង​ឯកសារ​នេះ គឺ​ការ​ប្រែក្លាយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យទៅជា​ស្ថាប័ន​នៃ​ឧត្តមភាព ប្រកប​ដោយ​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ដើម្បី​បំពេញបេសកកម្ម​ស្នូល និង​ពាក់ព័ន្ធ​ ក្នុងការ​ចូលរួម​វិភាគទាន​ឱ្យ​សម្រេច​ចក្ខុវិស័យ​រដ្ឋាភិបាល”​។​

​លោកអូន ព័ន្ធមុនីរ័ត្ន ក្នុង​ឯកសារ​ខាងលើ គឺមាន​គោលបំណង​ចំនួន២ គោលដៅចំនួន៧ និង​យុទ្ធសាស្ត្រគន្លឹះ៣១ ដោយមាន​កំណត់​អង្គភាព​ជំនាញ​ ដើម្បី​ទទួលបន្ទុក​រៀបចំ និង​អនុវត្ត​ជាមួយនឹង​ពេលវេលា​កំណត់​ច្បាស់លាស់​។​

ខ្លឹមសារ​ឯកសារ “​ចក្ខុវិស័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ​ ២០៣០” លើកឡើងថា រយៈពេល​២​ទសវត្សរ៍​មកនេះ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​ខ្ពស់ ​ក្នុង​រង្វង់៧ភាគរយ​ជា​មធ្យម​ក្នុង​១​ឆ្នាំ ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផ​.​ស​.​ស​.) ​សម្រាប់​មនុស្ស​ម្នាក់​កើន​ដល់១៧០០ដុល្លារ​ នៅក្នុង​ឆ្នាំ​២០១៩ និង​ត្រូវបាន​ទទួលស្គាល់ថា ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​។

ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ​បាន​រួច​ផុតពី​ភាពក្រីក្រ ​ពី​កម្រិត​ស្ទើរ ១០០ភាគរយ នៅ​ថ្ងៃ​៧ ខែមករា នៅឆ្នាំ​១៩៧៩ មក​ស្ថិតក្នុង​រង្វង់​ប្រមាណ ១៧ភាគរយ​នៅក្នុងពេល​បច្ចុប្បន្ន​។

ចំណែក​អត្រា​អតិផរណា​នៅ​កម្ពុជា​ ស្ថិតក្នុង​កម្រិត​មួយ​ដែល​គ្រប់គ្រង​បាន រីឯ​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព ​ក្នុង​កម្រិត​មធ្យម៤០៥៥ ​រៀល​ក្នុង​១ ​ដុល្លារ​។ សមិទ្ធផល​នេះ​បាន​នាំមក​នូវ​ឱកាស ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ក្នុងការ​ស្វែងរក​ការងារ បង្កើន​ប្រាក់ចំណូល និង​ធ្វើឱ្យ​គម្លាត​ប្រាក់ចំណូល​ក្នុង​កម្រិត​ទាប​។​

លោកមាស សុខ​សេន​សាន អគ្គលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​កម្រិត​បច្ចេក​ទេស​រៀបចំ​ឯកសារ “​ចក្ខុវិស័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ ​២០៣០” បានមានប្រសាសន៍ឱ្យដឹងថា ឯកសារ​នេះ​គឺជា​ការបោះ​ជំហាន​មួយ​ថ្មី​ទៀត ​ប្រកបដោយ​ភាពប្រាកដនិយម និង​ភាពជឿជាក់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ត្រូវបាន​រៀបចំឡើង​សំដៅ​កសាង​ស្ថាប័ន ដើម្បី​អនុវត្ត​បេសកកម្ម​របស់​ក្រសួង ផ្សារភ្ជាប់​ជាមួយ​គោលដៅ​ធំៗ ដែលមាន​កំណត់​ក្នុង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ របស់​កម្ពុជារ​យៈ​ពេល​វែង​។

​អភិក្រម​នៃ​ការរៀបចំ​ឯកសារ​នេះ គឺ​ផ្អែក​តាម​ការសិក្សា​ពី​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ ​ដើម្បី​ឆ្លុះបញ្ចាំង​ក្នុង​ទិដ្ឋភាព ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ការប្រើប្រាស់​ទិន្នន័យ ព្រមទាំង​បទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ និង​ឯកសារ​ពាក់ព័ន្ធ​នានា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​ថ្លែងថា ​“ឯកសារ​ចក្ខុ​វិស័យនេះ ​មិនមាន​ចេតនា​គិតថា​ក្រសួង​មាន​ឧត្តមភាព​ដាច់ខាត ​សម្រាប់​យកទៅ​ផ្គូផ្គង​ជាមួយ​អង្គភាព ឬ​ស្ថាប័ន​ណាមួយ​ទេ តែ​ឯកសារ​នេះ​បាន​ផ្ដល់នូវ​គុណ​តម្លៃ ​សម្រាប់​តម្រង់ទិស​ពី​ការ ផ្លាស់ប្ដូរ​បន្តិច​ម្តងៗ​ នៃ​អភិក្រម​រៀន​ផង​ធ្វើ​ផង ឆ្ពោះទៅ​អភិក្រម​ការងារ​ច្បា​ស់លាស់ វិជ្ជាជីវៈ និង​វិន័យ​ការងារ និង​អា​ចរាប់ថា​ជាការ​កសាង​មូលដ្ឋាន​សម្រាប់​ឆ្លើយតប​នឹង​បរិវត្ត​កម្ម​សកល របត់​ការងារ​ថ្មី​នៃ​គន្លង​បដិវត្តន៍​ឧស្សា​ហកម្ម៤.០ ដែល​តម្រូវឱ្យ​យើង​ផ្លាស់ប្ដូរ​ទាំង​ការគិត និង​ប្រតិបត្តិ ដើម្បី​អភិវឌ្ឍ​ស្ថាប័ន​យើង”។​

ការ​ព្យាករណ៍ ​ចុងក្រោយ​បំផុត​របស់​រាជរដ្ឋាភិបាល​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២៣ នេះ​សេដ្ឋកិច្ចកម្ពុជា ​នឹង​បន្ត​កើនឡើង​ក្នុង​រង្វង់៥,៦​ ភាគរយ ដោយ​ធ្លាក់ចុះ​ពី៦,៦ ​ភាគរយ​នៃ​ការ​ព្យាករ​កាលពី​ខែតុលា ឆ្នាំ​ ២០២២ ដោយសារ​ភាពមិនប្រាកដ​ប្រជា ​នៃ​កំណើនសេដ្ឋកិច្ច​សកល ​ដែល​បណ្តាលមកពី​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន ការប្រែប្រួល​អាកាសធាតុ និង​ការបន្ត​អូសបន្លាយ​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here