កម្ពុជារំពឹងកំណើននាំចេញអង្ករ៤០ភាគរយទៅកាន់ទីផ្សារអឺរ៉ុប នៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: បណ្តាប្រទេសអឺរ៉ុប បានក្លាយជាអ្នកទិញអង្ករកម្ពុជាដ៏ធំនៅក្នុងខែមករា ឆ្នាំ២០២៣នេះ ខណៈកម្ពុជាកំពុងរំពឹងថា នឹងមានការកើនឡើង នៃការនាំចេញអង្កររបស់ខ្លួននៅឆ្នាំ២០២៣នេះ។

លោកឧកញ៉ាចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបញ្ជាក់ថា “យើងរំពឹងថា នឹងមានការកើនឡើងប្រហែល៣៥ ទៅ៤០ភាគរយ នៃការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៣”។

បណ្តាប្រទេសចំនួន២០ នៅអឺរ៉ុបគ្របដណ្តប់ប្រហែល៤៨ភាគរយនៃអង្ករសរុបដែលកម្ពុជាបាននាំចេញ កាលពីខែមករាកន្លងទៅ។ បណ្តាប្រទេ​សទាំងនោះ បាននាំចូលអង្ករពីកម្ពុជា ចំនួន១៧.៧៩៥តោន ដែលមានតម្លៃជាង១៣,៤៤លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ចាន់ សុខឃាំង បានមានប្រសាសន៍ថា “ឥឡូវនេះ ទីផ្សារអឺរ៉ុបបានចាប់ផ្តើមទទួលស្គាល់គុណភាព និងភាពស៊ីសង្វាក់គ្នានៃគុណភាពអង្ករកម្ពុជា ហើយយើងកំពុងដឹកជញ្ជូនទៅឱ្យពួកគេ”។ លោកគិត​ថា “បច្ចុ​ប្បន្ននេះ ប្រជាជន​អាស៊ី​ជា​ច្រើនកំពុង​រស់​នៅ ​ក្នុង​បណ្តាប្រទេស​អឺរ៉ុប ហើយ​ពួកគេ​បាន​ចាប់​ផ្តើម​ចូល​ចិត្ត​អង្ករ​របស់កម្ពុជា”។

នៅក្នុង​ចំណោម​បណ្តាប្រទេស​នៅ​អឺរ៉ុប ក្នុងនោះប្រទេសបារាំង​បាន​នាំ​ចូល​អង្ករ​ពីកម្ពុជាចំនួន៦.១៧០តោន គិត​ជា​ទឹក​ប្រាក់​ជាង៤,១១លាន​ដុល្លារ ហូឡង់នាំចូល២.៣៥៧តោន តម្លៃ២,៣១លានដុល្លារ សាធារណរដ្ឋ​ឆេក២.២៨៧តោន ចក្រភព​អង់គ្លេស១.៦៦៩តោន អេស្ប៉ាញ១.១៣៧តោន អាល្លឺម៉ង់១.០៦៤តោន អុីតាលី១.០១១តោន ព័រទុយហ្គាល់៤៩៤តោននិងក្រិក៣២៣តោន។

កាលពីខែមករា កម្ពុជាបាននាំចេញអង្ករជាង៣៦.៩០០តោន ដែលមានតម្លៃប្រហែល២៨,៨៣លានដុល្លារ ទៅកាន់ទីផ្សារនៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here