អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទីខេត្តព្រះសីហនុគ្រោងនឹងបញ្ចប់ នៅខែតុលា២០២៣

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដើម្បីថែទាំបរិស្ថានឆ្នេរឱ្យស័ក្តិសម នឹងឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក រាជរដ្ឋាភិបាលបានចំណាយថវិកា រាប់រយលានដុល្លារក្នុងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ដោយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ បានសាងសង់រួចរាល់ និងកំពុងដាក់ដំណើរការ ហើយក៏កំពុងសាងសង់អាងប្រព្រឹត្តិកម្មទី៣។

បើតាមលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និ​សីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ២០២៣នេះឱ្យដឹងថា សម្រាប់អាងប្រព្រឹត្តិកម្មទី៣ មកដល់ពេលនេះ សម្រេចលទ្ធផលច្រើនគួរសមហើយ និងអាចបញ្ចប់ជាស្ថាពរនៅខែតុលាឆ្នាំ ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ បានរួមចំណែកច្រើនដល់ឆ្នេរ និងទឹកសមុទ្ររបស់យើងបានល្អកាន់តែប្រសើរ ”។

លោកគួច ចំរើនបានបន្តថា លោកនៅចាំបានថាកាលពីមហាសន្និ​បាតរបស់ក្លឹប ឆ្នេរសមុទ្រអន្តរជាតិកាលពីចុងឆ្នាំ ២០២២ ដែលកាលនោះ ថ្នាក់ដឹកនាំនៃក្លឹបឆ្នេរសមុទ្រអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដោយសារតែពួកគាត់បានមកកម្ពុជា កាលពី១០ឆ្នាំដើម្បីវាយតម្លៃកម្ពុជា ក្នុងការដាក់បញ្ចូលកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក ហើយកាលនោះស្ថានភាពឆ្នេរសមុទ្ររបស់យើងនៅមានការលំបាក ។

លោកបន្តទៀតថា មកដល់ចុងឆ្នាំ ២០២២កន្លងទៅនេះ ពួកគាត់ក៏បានវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យឆ្នេររបស់យើងកាន់តែមានបរិស្ថានភាពល្អប្រសើរ ហើយបច្ចេកវិទ្យានៃការប្រើប្រាស់ក្នុងការធ្វើប្រព្រឹត្តិកម្មកាន់តែទំនើប ដែលធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់អន្តរជាតិ ។

ខេត្តព្រះសីហនុ បច្ចុប្បន្ននេះបាននិងកំពុងឆក់បេះដូង អ្នកវិនិយោគទាំងក្នុងក្រៅប្រទេស ក្រោយពីផ្លូវល្បឿនលឿនដំបូងគេ ភ្នំពេញក្រុងព្រះសីហនុបានដាក់ដំណើរការ ហើយចំនួនភ្ញៀវទេសចរទៅទស្សនា និងកម្សាន្តនៅក្នុងខេត្តនេះ កាន់តែកើនឡើងជាបន្តបន្ទាប់ ។

គម្រោងធំៗមួយចំនួន ត្រូវបានបង្ហាញនៅក្នុងខេត្តព្រះសីហនុ ក្រោយពេលដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្នុងនោះរួមមានព្រលានយន្តហោះមួយ នៅក្រុងកោះរ៉ុង ដែលជាគម្រោងវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងគម្រោងវិនិយោគខ្សែរ៉តជិះមើលទេសភាព ក្នុងក្រុងព្រះសីហនុ ជាគម្រោងវិនិយោគកំពុងសិក្សានៅឡើយ ដែលជារបស់វិនិយោគិនមកពីបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here