កម្ពុជារកចំណូលបាន៩២លានដុល្លារពីការនាំចេញស្រូវ និងអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ អង្ករកម្ពុជា (CRF) បានឱ្យដឹងថា ក្នុងខែមករា កម្ពុជាបាននាំចេញអង្ករប្រមាណ៣៦.៩០០តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយរកចំណូលបាន២៨,៨៣លានដុល្លារអាមេរិក។

អង្ករកម្ពុជាត្រូវបានដឹកជញ្ជូន ទៅកាន់គោលដៅអន្តរជាតិចំនួន៣៤ ដោយបណ្តាប្រទេសចំនួន២០នៅអឺរ៉ុប បានទិញអង្ករចំនួន១៧.៧៩៥តោន ឬ៤៨ភាគរយនៃអង្ករដែលបាននាំចេញសរុប។

ចំណែកឯ ប្រទេសចិន (រួមទាំងហុងកុង និងម៉ាកាវ) ជាប់ចំណាត់ថ្នាក់លេខ២ ដោយការនាំចូលអង្ករពីកម្ពុជាមានចំនួន១៥.០៤៥តោន ឬស្មើនឹង៤១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ ប្រភពដដែលបានឱ្យដឹងទៀតថា អង្ករចំនួន១.៨៧១តោនត្រូវបាននាំចេញ ទៅកាន់ប្រទេសអាស៊ានចំនួន២គឺ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ខណៈគោលដៅនាំចេញចំនួន៧ ផ្សេងទៀត រួមមានហ្គាបុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដែលបានទិញអង្ករពីកម្ពុជាចំនួន២.១៨៩តោន។

សម្រាប់ពូជស្រូវវិញ កម្ពុជាបាននាំចេញអង្ករប្រភេទ Premium Aromatic Rice (ម៉ាលីអង្គរ) ចំនួន២២.៨១០តោន អង្ករសែនក្រអូបចំនួន៩.៣៥៩តោន ។ អង្ករស Premium ចំនួន១.៧២១តោន អង្ករក្រអូបចំនួន១.៨៦៧តោន និងអង្ករសរីរាង្គចំនួន១.១៤៤តោន។

លើសពីនេះទៀត កម្ពុជាក៏បានជួញដូរស្រូវចំនួន២៥២.៧១៤តោនជាមួយបណ្តាប្រទេសជិតខាងផងដែរ ដោយតម្លៃសរុបសម្រាប់ការនាំចេញអង្ករ និងស្រូវក្នុងខែមករា ឆ្នាំ២០២៣ មានទំហំទឹកប្រាក់ចំនួន៩២លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here