ក្រសួងពាណិជ្ជកម្មរៀបចំសេចក្តីប្រកាសចំនួន៣ដ៏សំខាន់

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក” រៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗចំនួន៣។

ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក” បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន ទី១ សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេចរបស់ គ.ប.ក.ទី២ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ និងទី៣ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី កម្រិតកំណត់នៃការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក”និងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំលើកទី៣ របស់ គ.ប.ក. នេះ គឺមានគោលបំណងផ្តល់ឱកាសដល់សមាជិក គ.ប.ក. ទាំងអស់ផ្តល់ធាតុចូលសំខាន់ៗលើឯកសារទាំងនេះ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់ឱកាសជូនលេខាធិការដ្ឋាននៃ គ.ប.ក. ឆ្លើយតប និងការផ្តល់សេចក្តីពន្យល់ដល់ គ.ប.ក. ពាក់ព័ន្ធនឹងការរៀបចំ និងកសាងនូវឯកសារទាំងនេះ ក្នុងកំឡុងពេលកិច្ចប្រជុំតែម្តង។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួម លើខ្លឹមសារនៃឯកសារទាំង ៣ ខាងលើ ព្រមទាំងឯកភាពក្នុងការទទួលធាតុចូលបន្ថែម លើឯកសារទាំងនេះ ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមកលេខាធិការដ្ឋាន ក្នុងការសម្របសម្រួល និងកែសម្រួល ដើម្បីដាក់ជូនលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ចុះហត្ថលេខា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here