សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនាំអង្ករចេញទៅកាន់ទីផ្សារចិនចំនួន ៤០ម៉ឺនតោននៅឆ្នាំ២០២៣នេះ

ដោយ:ពៅនិមល/

ភ្នំពេញ៖ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សម្រាប់អាណត្តិទី៤ សហព័ន្ធ នឹងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ក្នុងនោះ នឹងពង្រីកទីផ្សារបន្ថែមទៅកាន់ប្រទេសចិន ឱ្យបានច្រើនជាង ៤០ម៉ឺនតោនផងដែរសម្រាប់ឆ្នាំ២០២៣នេះ។
ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈកន្លងទៅនេះ នៅទីស្តីការក្រសួង រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ចាន់ សុឃាំង បានបញ្ជាក់ថា សហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។
លោកបានឲ្យដឹងទៀតថា សហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (នាខែកុម្ភៈ) ប្រទេសថៃ (នាខែឧសភា) និងប្រទេសអាឡឺម៉ង់ (នាខែតុលាខាងមុខ) ក៏ដូចជាក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលីជាដើម។


ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយ សម្តេច តែងតែយកវិស័យស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតសម្រាប់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមនេះ លោកបានផ្តល់ការណែនាំដល់សហព័ន្ធជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនទៀត ដោយសារកម្ពុជាមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន ៤០ម៉ឺនតោន។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីចូលរួមបំពេញបន្ថែមលើយុទ្ធសាស្ត្រអនុវត្តន៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា លោករដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន សម្រាប់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិថ្មីយកទៅអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត រួមមាន៖ បន្តពង្រឹងអភិបាលកិច្ចដឹកនាំដែលមានជាធរមាន, បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដែលជាមូលដ្ឋានប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករផ្សេងទៀត, បន្តតាមដានទប់ស្កាត់អតិផរណាតម្លៃស្រូវអង្ករ និងការថែរក្សាបាននូវស្ថិរភាពតម្លៃស្រូវអង្ករលើទីផ្សារ, សហការជាមួយអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស តាមរយៈគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច(AIMS) ក្នុងការសម្របសម្រួលចុះកិច្ចសន្យាទិញ លក់ ជាមួយបងប្អូនប្រជាកសិករ និងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្មដើម្បីធានាបាននូវតម្លៃស្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here