តើ​ធនាគារ​គិត​ទៅលើ​ចំណុច​អ្វីខ្លះ​មុន​សម្រេចចិត្ត​ឲ្យ​អ្នក​ខ្ចីប្រាក់?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ធនាគារិក​នានា តែងតែ​គិតគូរ​ពី​ហានិភ័យ​ជា​អាទិភាព មុន​សម្រេចចិត្ត​ឲ្យអ្នក​ខ្ចីប្រាក់ ដើម្បី​ធ្វ់​ឲ្យ​ប្រាកដថា​ប្រាក់​របស់​ពួកគេ​មិន​បាត់បង់ ឬ​ខូចខាត​ដោយ​ប្រការ​ណាមួយ។

ហេតុនេះ​កត្តា​ទាំង​បួន​នេះ គឺជា​អ្វីដែល​ពួកគេ​តែងតែ​គិតពិចារណា ដែល​ភាសា​អង់គ្លេស គេ​ហៅ​កត្តា​ទាំង​បួន​ថា The Four C’s (Capacity លទ្ធភាព​សង, Capital ទ្រព្យសម្បត្តិ, Character ប្រវត្តិ​សង​ប្រាក់, Collateral វត្ថុ​ប​ញ្ចំ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១ លទ្ធភាព​សង

សំដៅលើ​សមត្ថភាព​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ក្នុង​ការសង​ប្រាក់​ធនាគារ​វិញ។ និយាយ​ឲ្យ​ចំ​គឺ​តើ លោក អ្នក​អាចមាន​ប្រាក់​សង​គ្រប់គ្រាន់​ជា​រៀងរាល់ខែ​ដែរឬទេ? ធនាគារ​ពិចារណា​លើ​កត្តា​មួយចំនួន​ដូចជា៖

– តើ​អ្នកធ្វើការ​ជាមួយ​អង្គភាព​បច្ចុប្បន្ន បាន​រយៈពេល​ប៉ុន្មាន​ហើយ តើ​អ្នក​ស្ថិតក្នុង​មុខដំណែង​ដដែល​ឬ​ដូរ​មុខដំណែង។ ជាទូទៅ​ធនាគារ​មើលថា អ្នក​បានធ្វើការ​នៅ​អង្គភាព​ឬ​តំណែង​ដដែល​យ៉ាងហោចណាស់​រយៈពេល​មួយឆ្នាំ។
-តើ​អ្នក​រកបាន​ចំណូល​ប៉ុន្មាន​ក្នុង​មួយខែ?
– តើ​អ្នកចំណាយ​អស់​ប៉ុន្មាន​ក្នុង​មួយខែ? រួម​នឹង​បំណុល​ផ្សេងទៀត​ដែល​អ្នក​ជំពាក់?

ទី២ កត្តា​ទ្រព្យសម្បត្តិ

ទ្រព្យសម្បត្តិ​ជាការ​សំដៅលើ​ទ្រព្យ​ទាំងអស់​ដែល​អ្នកមាន៖

– តើ​អ្នក​មានផ្ទះ​ទេ? មានផ្ទះ​មានន័យថា​អ្នក​ខិតខំ​សន្សំទ្រព្យ​សម្បត្តិ ប្រសិនបើ​ករណី​ណាមួយ​អ្នក​ជួប​បញ្ហា​សងបំណុល​មិន​រួច អ្នក​អាច​នឹង​លក់​ផ្ទះ​សងបំណុល​បាន។

-តើ​អ្នក​រថយន្ត​ឬ​ទ្រព្យ​អ្វី​ផ្សេងទៀត​ទេ?

– តើ​អ្នកមាន​សន្សំ​ប្រាក់​នៅ​ធនាគារ​ទេ? ប្រសិនបើ​អ្នក​បាន​សន្សំ​ប្រាក់​បម្រុង​សម្រាប់​គ្រាអាសន្ន នោះ​ប្រាក់​នេះ​អាច​យកមក​ទូទាត់​សង ក្នុងករណី​អ្នក​ជួប​បញ្ហា ហិរញ្ញវត្ថុ។

ទី៣ ប្រវត្តិ​សង​ប្រាក់

ប្រវត្តិ​នៃ​ការសង​ប្រាក់​របស់​អ្នក សំដៅលើ​ការទូទាត់​ទាន់ពេលវេលា។ តើ​ប្រវត្តិ​សង​ប្រាក់​របស់​អ្នក​កាលពីមុន​ល្អ​ឬ​មិនល្អ។ ប្រសិនបើ​អ្នកមាន​ប្រវត្តិ​ល្អ នោះ​អ្នក​ងាយស្រួល​ខ្ចីប្រាក់​ពី​ធនាគារ។

ទី៤ វត្ថុ​បញ្ចាំ 

សំដៅលើ​ទ្រព្យសម្បត្តិ ដែល​អ្នក​ដាក់​ជា​គ្រឿង​ធានាថា អ្នក​សង​ប្រាក់​ទៅ ធនាគារ​វិញ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា ប្រសិនបើ​អ្នក​មិនអាច​សង​បានទេ អ្នក​យល់ព្រម​លក់​ទ្រព្យសម្បត្តិ​នេះ​ដើម្បី​សង។ វត្ថុ​ប​ញ្ចំ រួមមាន​ផ្ទះ​ជាដើម ជា​គ្រឿង​បញ្ជាក់​ធ្វើ​ឲ្យ​ធនាគារ​ទុកចិត្ត​មកលើ​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here