ពលរដ្ឋអាមេរិកកំពុងចំណាយប្រាក់បន្ថែម៣៧១ដុល្លារក្នុងមួយខែ ដោយសារកំនើនអត្រាអតិផរណា

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: គិតចាប់ពីថ្លៃជួល និងគ្រឿងទេស រហូតដល់ឧបករណ៍ប្រើប្រាស់ គ្រួសារអាមេរិកត្រូវចំណាយប្រាក់ជាច្រើន ជារៀងរាល់ខែ ដោយ​សារតែអត្រាអតិផរណា។

ខណៈពេលដែលអតិផរណា បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គ្រួសារអាមេរិក ជាធម្មតាបានចំណាយប្រាក់៣៧១ដុល្លារបន្ថែមទៀតលើទំនិញ និងសេវាកម្ម នៅក្នុងខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ​​Moody’s Analytics ។

ដំណឹង​ល្អ​គឺ​តម្លៃ​ នៃ​ការ​រស់​នៅ​ហាក់​បាន​ធូរស្រាល ហើយ​ប្រាក់​ខែ​ក៏​ចាប់​ផ្តើម​កើនឡើង​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកម្រិតអតិផរណា កាលពីខែមិថុនាឆ្នាំ២០២២ គ្រួសារធម្មតាបានចំណាយប្រាក់បន្ថែម៥០២ដុល្លារ ក្នុងមួយខែ បើធៀបនឹងឆ្នាំ២០២១ នេះបើយោងតាម ​​Moody’s ។

គ្រួសារអាមេរិកកំពុងចំណាយប្រាក់ ប្រហែល៨២,៦ដុល្លារបន្ថែមទៀតក្នុងមួយខែ លើកន្លែងស្នាក់នៅ និង៧២,០១ដុល្លារបន្ថែមទៀតលើអាហារហូបចុក។

ការិយាល័យស្ថិតិការងារបានរាយការណ៍ថា ជនជាតិអាមេរិកបានចំណាយប្រាក់១១,៨ភាគរយ លើគ្រឿងទេសច្រើនជាងឆ្នាំមុន។

តម្លៃស៊ុតបានកើនឡើងជិត៦០ភាគរយ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ១៩៧៣ ដោយមួយផ្នែកបង្កឡើង ពីវិបត្តិនៃការផ្គត់ផ្គង់ដោយសារជំងឺផ្តាសាយបក្សី។

ទំនិញប្រើប្រាស់ផ្សេងទៀត ដែលធ្វើឲ្យគ្រួសារអាមេរិកចំណាយកាន់តែច្រើនក្នុងមួយខែ រួមមានឧបករណ៍ប្រើប្រាស់ ការថែទាំសុខភាព ការកម្សាន្ត និងភេសជ្ជៈមានជាតិអាល់កុល។ នេះបើយោងតាមក្រុមហ៊ុន Moody’s ។

ការរងផលប៉ះពាល់មួយចំនួនពីវិបត្តិអតិផរណា កំពុងត្រូវបានកាត់បន្ថយដោយការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈប្រាក់ឈ្នួលបានកើនឡើង នៅទីបំផុតក្នុងល្បឿនលឿនជាងអតិផរណា។

ទន្ទឹមនឹងនោះ ល្បឿននៃអតិផរណាបានធ្លាក់ចុះយ៉ាងច្បាស់លាស់ ខណៈតម្លៃទំនិញប្រើប្រាស់ បានកើនឡើង៦,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែធ្នូ ដែលជាល្បឿនយឺតបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here