ដោយ៖ ម៉ាណេត
ភ្នំពេញ៖ លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មនៃប្រទេសថៃ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានត្រៀមរួចរាល់ដើម្បីចុះហត្ថលេខានៅខែក្រោយ ហើយរំពឹងថានឹងចូលជាធរមាននៅឆមាសទី២ ឆ្នាំក្រោយ។
លោកស្រី បាននិយាយថា វិបត្តិ Covid-19 មិនមែនជាឧបសគ្គសម្រាប់ការចរចារកិច្ចព្រមព្រៀង RCEP នោះទេ ខណៈគណៈកម្មាធិការពីប្រទេសចូលរួម បានប្រជុំតាមរយៈ Video Conference ដើម្បីសង្ខេបរាល់បញ្ហាដែលនៅសេសសល់ និងកែប្រែឯកសារច្បាប់ឡើងវិញ។ នេះបើតាមឱ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី RCEP លើកទី ៨ នៅថ្ងៃទី ២៧ ខែសីហា តាមរយៈ Video Conference អង្គប្រជុំបានបញ្ជាក់ថា កិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូល RCEP លើកទី៤ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅប្រទេសវៀតណាមនៅពាក់កណ្តាលខែវិច្ឆិកា។
វិធីសាស្ត្រចុះហត្ថលេខា នឹងត្រូវពិភាក្សាជាមួយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ។
លោកស្រី Auramon បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាន លុះត្រាតែមានសមាជិកអាស៊ានយ៉ាងហោចណាស់ពាក់កណ្តាល ឬ ៦ នាក់ និងសមាជិកចំនួនពាក់កណ្តាល ដែលមិនមែនជាសមាជិកអាស៊ាន (៣ ក្នុងចំណោម ៦) បានអនុម័ត។ ចំណែកប្រទេសថៃ យើងត្រូវស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្រ្តី”។
លោកស្រី បានថ្លែងបន្តថា “បន្ទាប់ពីនោះ វានឹងមានដំណើរការ ដើម្បីស្វែងរកការយល់ព្រមពីសភា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងចូលជាធរមាននៅឆមាសទី២ ឆ្នាំ២០២១”។
កិច្ចព្រមព្រៀង RCEP នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោកដែលរួមមានប្រទេសចំនួន ១៦ ដែលមានប្រជាជនសរុបជិត ៣,៦ ពាន់លាននាក់ (៤៨,១ ភាគរយនៃប្រជាជនពិភពលោក) ដែលរួមបញ្ចូលផលិតផលក្នុងស្រុកសរុប (GDP) ជាង ២៨.៥ ទ្រីលានដុល្លារ (៣២.៧) ភាគរយផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក) និងតម្លៃពាណិជ្ជកម្មសរុបជាង ១១,២ ទ្រីលានដុល្លារ (២៩,៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក) ។
ប្រទេសចំនួន ១៥ ដែលមិនរាប់បញ្ចូលឥណ្ឌា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ប្រទេសសមាជិកមិនទាន់អាចឆ្លើយតបនឹងការព្រួយបារម្ភរបស់ឥណ្ឌាអំពីឱនភាពពាណិជ្ជកម្មជាមួយសមាជិកជាច្រើនបានទេ។
ទោះបីគ្មានប្រទេសឥណ្ឌាក៏ដោយ ក៏កិច្ចព្រមព្រៀង RCEP នឹងគ្របដណ្តប់ប្រជាជនជាង ២,២ ពាន់លាននាក់ (៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក) ផលិតផលសរុបក្នុងស្រុកសរុបជាង ២៥,៦ ទ្រីលានដុល្លារ (២៩,៣ ភាគរយនៃ GDP ពិភពលោក) និងតម្លៃពាណិជ្ជកម្មជាង ១០,៤ ទ្រីលានដុល្លារ (២៧,៤ ភាគរយ នៃពាណិជ្ជកម្មពិភពលោក)។
លោកស្រី Auramon បាននិយាយថា “សមាជិក RCEP នឹងស្វាគមន៍ប្រទេសឥណ្ឌាឱ្យវិលត្រឡប់មកក្រុមវិញ ពីព្រោះឥណ្ឌាជាសមាជិកសំខាន់នៃកិច្ចចរចា RCEP ចាប់តាំងពីការចរចាបានចាប់ផ្តើមក្នុងឆ្នាំ ២០១២ ហើយជឿជាក់ថា ការចូលរួមរបស់ឥណ្ឌានឹងជួយដល់កិច្ចព្រមព្រៀង RCEP ក្នុងតំបន់”៕ The Nation