ចំណូលពីការនាំចេញកម្ពុជាកៅស៊ូរបស់កម្ពុជាធ្លាក់ចុះមកនៅត្រឹមជាង៥៣០លានដុល្លារ

 ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជិត ៥៣២​ ​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ ​២០២២ ថយ​ជាង​ ១២ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ទិន្នន័យ​អគ្គនាយក​​ដ្ឋា​ន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

ទិន្នន័យដដែល​បានបង្ហាញ​ថា ចាប់​​ពី​ខែមករា ​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២២ ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ទៅ​ក្រៅប្រទេស​មានទឹក​ប្រា​ក់ស​រុ​ប៥៣១,៨៦៣​លាន​ដុល្លារ ធ្លាក់ចុះ១២,៨៤៥​ភាគរយ ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ៦១០,២៨៨​លាន​ដុល្លារ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកលើ​ទិន្ន័យ​ខាងលើ ការនាំចេញ​ជ័រកៅស៊ូសម្រេច៣៧២, ៩០០ តោន កើនឡើង៦,៦០០​តោន ស្មើនឹង២​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១ និង​ការលក់​ឈើ​កៅស៊ូ សម្រេចបាន២៦,៤៨៩ ​ម៉ែត្រគុប​ក្នុង​ឆ្នាំ​ ២០២២​ ។ ចំណែក​ប្រាក់​ទទួលបាន គឺ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ៥២៧,៧៧៤, ៥៦៩​ដុល្លារ និង​ឈើ​កៅស៊ូ​ចំនួន៤,០៨៩,២៧៣​ដុល្លារ​។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បាន​មានប្រ​សាសន៍ឲ្យដឹងថា ទោះបី​បរិមាណ​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ក្នុង​ឆ្នាំ​ ២០២២ កើនឡើង​បន្តិចបន្តួច​ធៀប​នឹង​ឆ្នាំ​ ២០២១ ប៉ុន្តែ​សម្រាប់​ចំនួន​ទឹកប្រាក់​ទទួលបាន​គឺ​ថយចុះ​ជាង១០​ភាគរយ​។

លោកពន្យល់ថា មូលហេតុ​នាំឱ្យ​ទឹកប្រាក់​នាំចេញ​ធ្លាក់​ចុះ គឺ​ដោយសា​រ​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បន្តទៀតថា បច្ចុប្បន្ន​ផលិតផល​ពី​កៅស៊ូ​ស្ទើរ​ទាំងស្រុង គឺ​ត្រូវបាន​នាំទៅ​ទីផ្សារ​អន្តរជាតិ​។​

​សម្រាប់​តម្លៃ​កៅស៊ូ ក្នុង​ឆ្នាំ​ ២០២៣ នេះ លោក ហ៊ឹម អូនឲ្យដឹងថា ដោយ​​សារ​ស្ថានភាព​សេដ្ឋកិច្ច ពិភពលោក​នៅ​មិនទាន់​ល្អ ជាពិសេស​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដូច្នេះ​តម្លៃ​ជ័រកៅស៊ូ ក្នុង​ឆ្នាំ​ ២០២៣ នេះ អាច​នឹងមាន​ស្ថាន​ភាព​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here