ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​នៅតែ​សម្រេចបាន​កំនើន​ល្អប្រសើរ បើទោះជា​អត្រាសង​ត្រលប់​យឺត​កើនឡើង​ក្តី

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​នៅតែមាន​ការរីកចម្រើន បើទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ Covid-19 និង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ក្នុង​រយៈពេល​ខ្លី​ក្តី ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក៏​អត្រា​សង​ត្រលប់​បង្ហាញ​សញ្ញា​កើនឡើង។

លោក​សាយ សូ​នី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែលជា​ស្ថាប័ន​មាន​បុគ្គលិក​ប្រមាណ ១០,០០០នាក់ និង​សាខា​ជិត ១៨១ កន្លែង​នៅ​ទូទាំងប្រទេស បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​នៅតែមាន​ការរីកចម្រើន ប៉ុន្តែ​អត្រាកំនើន​ទាប​ជាង​ឆ្នាំមុន ដោយសារ​កម្ពុជា​កំពុងមាន​បញ្ហា​ដោយសារ​ជំងឺ​រាតត្បាត ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​សាកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ជាទូទៅ​យើង​នៅតែមាន​សញ្ញា​ល្អ សុខភាព​ក្នុង​វិស័យនេះ​នៅតែមាន​ភាព​រ៉ឹង​មាំ បើទោះជា​អត្រា​សង​ត្រលប់​បាន​កើនឡើង​បន្តិច​ក្តី ប៉ុន្តែ​វា​មិនទាន់​ឈានដល់​កម្រិតណា​និ​ភ័យ​នៅឡើយ​ទេ” ។

ជាមួយគ្នានេះ​លោក​ឧកញ៉ា​ហួត អៀង​តុង អគ្គនាយក​ធនាគារ​ហ​ត្ថា​កសិករ ដែល​ទើបតែ​ប្រែក្លាយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មកជា​ធនាគារ​កាលពី​ខែកញ្ញា​កន្លងមកនេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ទីផ្សារ​នេះ​នៅតែមាន​ភាពល្អប្រសើរ ហើយ​សុខភាព​ក្នុង​ធនាគារ​ហត្ថា​កសិករ​នៅតែមាន​ភាព​រ៉ឹង​មាំ ដោយសារ​រដ្ឋាភិបាល​បានដាក់​ចេញ គោលនយោបាយ​ដ៏​ត្រឹមត្រូវ ដែល​បាន​ជួយ​ដល់​វិស័យនេះ តាមរយៈ​ការកែសម្រួល​នូវ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់ ដល់​អតិថិជន ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ Covid-19 ។

លោក​បន្តថា “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ថា វិស័យនេះ​នៅតែ​បន្ត​មាន​ភាពល្អប្រសើរ ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ពិសេស​ទំនុកចិត្ត​រប​ស់​ប្រជាពលរដ្ឋ​មកលើ​វិស័យនេះ” ។ លោក​បន្តថា “ ទោះបីជា​យើង​ឃើញ​មាន​សញ្ញា​កើនឡើង​នៃ​ការសង​យឺត​ក្តី ប៉ុន្តែ​វា​មិនទាន់​ឈានដល់​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ” ។

នៅ​កម្ពុ​ជាមាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជាង១០០ស្ថាប័ន ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​លើក​កំពស់​សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here